ព័ត៌មានអន្តរជាតិ

Updated៖ ធនាគារគាំទ្រដោយចិន អះអាងថា ខ្លួននឹងផ្អាកអាជីវកម្មពាក់ព័ន្ធនឹងរុស្ស៊ី និងបេឡារុស

ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែមីនា ឆ្នំា២០២២ថា ធនាគារវិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធអាស៊ី ដែលគាំទ្រដោយប្រទេសចិន បានអះអាងថា ខ្លួននឹងផ្អាកអាជីវកម្មពាក់ព័ន្ធនឹងប្រទេស​រុស្ស៊ី និងបេឡារុស ដែលរងការវាយប្រហារដោយទណ្ឌកម្មអន្តរជាតិដ៏ធំលើសង្គ្រាមនៅអ៊ុយក្រែន ។


នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ធនាគារ AIIB បានអះអាងថា “ដើម្បីផលប្រយោជន៍ល្អបំផុតរបស់ធនាគារ ការគ្រប់គ្រងបានសម្រេចចិត្តថា សកម្មភាពទាំងអស់ទាក់ទងនឹងប្រទេសរុស្ស៊ី និងបេឡារុស ត្រូវបានផ្អាក និងស្ថិតក្រោមការត្រួតពិនិត្យ” ។

ធនាគារបានឲ្យដឹងទៀតថា ធនាគារកំពុង “តាមដានយ៉ាងសកម្មនូវស្ថានភាព” នៅក្នុងប្រទេសអ៊ុយក្រែន ហើយ​ថា ការគ្រប់គ្រងនឹងធ្វើ “ឱ្យអស់ពីសមត្ថភាពដើម្បីការពារបូរណភាពហិរញ្ញវត្ថុរបស់ AIIB” ។

ស្ថាប័នហិរញ្ញវត្ថុពហុភាគីដែលជាគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីចិន ហ្ស៊ី ជិនពីង (Xi Jinping) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៦ ដើម្បីប្រឆាំងនឹងការត្រួតត្រារបស់បស្ចឹមប្រទេសនៃធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ ។

ក្នុងនោះ រុស្ស៊ី ក៏ស្ថិតក្នុងចំណោមសមាជិកស្ថាបនិករបស់ AIIB ហើយទទួលបានសំឡេងគាំទ្រប្រហែល៦ភាគរយក្នុងប្រតិបត្តិការរបស់ខ្លួន ។ រុស្ស៊ី ក៏មានកៅអីនៅលើក្រុមប្រឹក្សាភិបាលរបស់ធនាគារនេះផងដែរ ។

រុស្ស៊ី ជាភាគីពាក់ព័ន្ធធំទី៣នៅពីក្រោយប្រទេសចិន ដែលកាន់អំណាចបោះឆ្នោតជិត២៧ភាគរយ និងប្រទេសឥណ្ឌា ។

យោងតាមការបង្ហាញឲ្យដឹងនៅលើគេហទំព័ររបស់ធនាគារ AIIB បង្ហាញថា រហូតមកដល់ពេលនេះ ខ្លួនបានអនុម័តគម្រោងរុស្ស៊ីចំនួន២ ជាមួយនឹងហិរញ្ញប្បទានចំនួន​ ៨០០លានដុល្លារអាមេរិក ៕


ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top