ព័ត៌មានអន្តរជាតិ

ហុងគ្រី អនុញ្ញាតឲ្យណាតូ ដាក់ពង្រាយកងកម្លាំង នៅភាគខាងលិចប្រទេស

ប៊ូដាពែស៖ រដ្ឋាភិបាលហុងគ្រី បានចេញក្រឹត្យមួយកាលពីថ្ងៃចន្ទ ដែលអនុញ្ញាតឱ្យកងទ័ពណាតូ ដាក់ពង្រាយនៅភាគខាងលិច ប្រទេសហុងគ្រី និងការដឹកជញ្ជូនអាវុធ ឆ្លងកាត់ទឹកដីរបស់ខ្លួន ដោយផ្លូវគោក ឬតាមផ្លូវអាកាសទៅកាន់ ប្រទេសសមាជិកណាតូផ្សេងទៀត។

ទោះជាយ៉ាងណាក៏ដោយ ក្រឹត្យដែលចុះហត្ថលេខា ដោយនាយករដ្ឋមន្ត្រីលោក Viktor Orban និងបានចុះផ្សាយក្នុងសារព័ត៍មាន ផ្លូវការកាលពីថ្ងៃច័ន្ទបាន ហាមឃាត់ការឆ្លងកាត់ “អាវុធធុនធ្ងន់” ឆ្លងកាត់ប្រទេសហុងគ្រី ទៅកាន់អ៊ុយក្រែន។

លោក Orban បានឲ្យដឹងនៅក្នុងសារវីដេអូមួយ ដែលបានបង្ហោះនៅលើទំព័រ Facebook របស់លោកបន្ទាប់ពីកិច្ចប្រជុំ របស់អង្គភាពប្រតិបត្តិការ សន្តិសុខជាតិថា “ក្រឹត្យមួយត្រូវបានចេញ ធ្វើឱ្យច្បាស់ថា អាវុធអាចមិនត្រូវបានបញ្ជូន ទៅទឹកដីអ៊ុយក្រែន ពីទឹកដីនៃប្រទេសហុងគ្រីនោះឡើយ” ។

ក្រឹត្យនេះបានប្រឆាំងនឹងជំហរមុន របស់រដ្ឋាភិបាលហុងគ្រី ដែលប្រឆាំងនឹងវត្តមានកងទ័ពណាតូ ក្នុងប្រទេសហុងគ្រី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

លោក Peter Szijjarto បានឲ្យដឹងកាលពីខែមុនថា “មានទាហានណាតូនៅហុងគ្រីរួចហើយ៖ កងកម្លាំងប្រដាប់អាវុធហុងគ្រី ដែលជាអង្គភាពរបស់ណាតូ។ កងកម្លាំងប្រដាប់អាវុធហុងគ្រី ស្ថិតក្នុងស្ថានភាពល្អ ដើម្បីការពារប្រទេស ដូច្នេះមិនចាំបាច់ត្រូវការ កងទ័ពខាងក្រៅនោះទេ” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top