ព័ត៌មានអន្តរជាតិ

អារ៉ាប៊ីសាអូឌីត និង អារ៉ាប់រួម បដិសេធការ ហៅទូរស័ព្ទ ជាមួយលោក Biden

បរទេស៖ រាជទាយាទ នៃប្រទេសអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Mohammed bin Salman និង Sheikh Mohamed bin Zayed Al Nahyan របស់ប្រទេសអេមីរ៉ាតអារ៉ាប់រួម បានបដិសេធសំណើ របស់សហរដ្ឋអាមេរិក ដើម្បីនិយាយជាមួយប្រធានាធិបតី Joe Biden ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ, នេះបើតាមកាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃអង្គារ ដោយដកស្រង់សម្តីមន្ត្រីអាមេរិក, បើតាមកាសែត គឺសហរដ្ឋអាមេរិក ចង់បញ្ចុះបញ្ចូលរដ្ឋឈូងសមុទ្រ Gulf នេះ ឱ្យបង្កើនការផលិតប្រេង។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា មន្ត្រីអាមេរិកម្នាក់ បានប្រាប់កាសែតថា «មានការរំពឹងទុកខ្លះ អំពីការហៅទូរស័ព្ទ ប៉ុន្តែវាមិនបានកើតឡើងទេ»។ គម្រោងនៃការហៅទូរស័ព្ទ ពីសំណាក់ប្រធានាធីបតីអាមេរិក ទៅកាន់មេដឹកនាំ ប្រទេសទាំងពីរ វាគឺជាផ្នែកមួយ នៃការបើកឃ្លាំងប្រេង របស់អារ៉ាប៊ីសាអូឌីត” ។

យោងតាមរបាយការណ៍ គឺរដ្ឋាភិបាល ទីក្រុងរីយ៉ាដ “បានផ្តល់សញ្ញា” ដល់លោក Biden ថា ប្រជាជនអារ៉ាប៊ីសាអូឌីត ចង់បានការគាំទ្របន្ថែមទៀត នៅក្នុងបញ្ហារសើបមួយចំនួន រួមទាំងកម្មវិធីនុយក្លេអ៊ែរស៊ីវិល របស់ពួកគេ និងការអន្តរាគមន៍ ក្នុងសង្គ្រាមស៊ីវិលយេម៉ែន ហើយ Emiratis បានចែករំលែក ការព្រួយបារម្ភ របស់ពួកគេ។

លោក Biden នៅទីបំផុតបាននិយាយ ទៅកាន់ស្តេចអារ៉ាប៊ីសាអូឌីត Salman bin Abdulaziz Al Saud តាមទូរស័ព្ទកាលពីថ្ងៃទី 9 ខែកុម្ភៈ ដោយសន្យាថានឹងគាំទ្រ រាជាណាចក្រមួយនេះ ប្រឆាំងនឹងក្រុមឧទ្ទាម Houthi នៅប្រទេសយេម៉ែន និងអ៊ីរ៉ង់ ក៏ដូចជាធានា “ស្ថិរភាពនៃការផ្គត់ផ្គង់ថាមពលសកល” នេះបើយោងតាមសេតវិមាន។

ប្រទេស អារ៉ាប់រួម ត្រូវបានដកស្រង់សម្តី ដោយនិយាយថា ការហៅទូរស័ព្ទរវាងលោក Biden និង Sheikh Mohamed នឹងត្រូវកំណត់ពេលឡើងវិញ។ កាលពីខែមុន អារ៉ាប៊ីសាអូឌីតបានច្រានចោល ការអំពាវនាវរបស់សហរដ្ឋអាមេរិក ក្នុងការបង្កើនផលិតកម្មប្រេង ចំពេលមានភាពតានតឹង រវាងអង្គការណាតូ និងរុស្ស៊ី និងការឡើងថ្លៃប្រេង។ នេះបើតាមអ្វីដែលកាសែត Wall Street Journal បានសរសេរនៅពេលនោះ៕ ប្រែសម្រួលៈ ណៃ តុលា

To Top