ព័ត៌មានអន្តរជាតិ

តំបន់អឺរ៉ុប កំពុងត្រៀមខ្លួន​ ដោះស្រាយផលប៉ះពាល់ ពីជម្លោះរុស្ស៊ី និងអ៊ុយក្រែន

ព្រុចសែល៖ ក្រុមមន្ត្រីបានឲ្យដឹងថា តំបន់អឺរ៉ុបនឹងកាត់បន្ថយផលប៉ះពាល់ នៃជម្លោះរុស្ស៊ី-អ៊ុយក្រែន មកលើសេដ្ឋកិច្ចរបស់ខ្លួន ដោយការត្រួតពិនិត្យយ៉ាងដិតដល់ នូវស្ថានភាព និងដោយការកែសម្រួលគោលនយោបាយ សារពើពន្ធរបស់ខ្លួនភ្លាមៗ ប្រសិនបើចាំបាច់។

លោក Paschal Donohoe ប្រធានក្រុមប្រឹក្សាភិបាល បានប្រកាសថា “កត្តាសំខាន់ គឺថាដោយសារភាពមិនច្បាស់លាស់ និងហានិភ័យ យើងត្រូវរក្សាភាពរហ័សរហួន និងបត់បែនក្នុងការឆ្លើយតប គោលនយោបាយរបស់យើង ហើយ Eurogroup នឹងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយគណៈកម្មាធិការ ក្នុងប៉ុន្មានសប្តាហ៍ និងប៉ុន្មានខែខាងមុខ ដើម្បីធ្វើរឿងនេះ” ។

Eurogroup ដែលជាការប្រមូលផ្តុំក្រៅផ្លូវការ នៃរដ្ឋមន្ត្រីហិរញ្ញវត្ថុ នៃតំបន់អឺរ៉ុប កំពុងប្រជុំដើម្បីចេញ សេចក្តីណែនាំអំពីថវិកា សម្រាប់ឆ្នាំ២០២៣ សម្រាប់ប្រទេសក្នុងតំបន់អឺរ៉ុប នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “ការផ្លាស់ប្តូរពីជំហរ សារពើពន្ធគាំទ្រសរុប នៅក្នុងតំបន់អឺរ៉ូ ទៅជាជំហរសារពើពន្ធ សរុបអព្យាក្រឹត យ៉ាងទូលំទូលាយនៅឆ្នាំក្រោយ ហាក់ដូចជាសមរម្យខណៈពេលដែល ឈរត្រៀមខ្លួនជាស្រេច ដើម្បីប្រតិកម្ម ទៅនឹងស្ថានភាពសេដ្ឋកិច្ច ដែលកំពុងវិវឌ្ឍ ហើយនៅក្នុងទិដ្ឋភាព នៃភាពមិនប្រាកដប្រជាខ្ពស់”។

គួរបញ្ជាក់ថា ដោយសារសេដ្ឋកិច្ចអឺរ៉ុប បានដំណើរការល្អក្នុងការងើបឡើងវិញ ពីជំងឺរាតត្បាតកូវីដ-១៩ រយៈពេលពីរឆ្នាំ វាមានកម្លាំងគ្រប់គ្រាន់ ដើម្បីទទួលយកផលប៉ះពាល់ដំបូង នៃជម្លោះរុស្ស៊ី-អ៊ុយក្រែន៕ ប្រែសម្រួល ឈូក បូរ៉ា

To Top