ព័ត៌មានអន្តរជាតិ

តួកគី-ប៉ូឡូញ ព្រមព្រៀងគ្នា បង្កើនកិច្ចប្រឹងប្រែងការទូត ក្នុងជម្លោះនៅអ៊ុយក្រែន

អង់ការ៉ា៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានឲ្យដឹងថា ប្រទេសតួកគី និងប៉ូឡូញ បានយល់ព្រមបង្កើន កិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីបញ្ចប់វិបត្តិអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Erdogan បានឲ្យដឹងនៅឯកិច្ចប្រជុំមួយថា “យើងបានពិភាក្សាជាចម្បង លើការវិវត្តនៅអ៊ុយក្រែន និងរុស្ស៊ី ក៏ដូចជាទំនាក់ទំនង ទ្វេភាគីរបស់យើង។ ក្នុងនាមជាសម្ព័ន្ធមិត្ត របស់អង្គការណាតូទាំងពីរ យើងមានការផ្លាស់ប្តូរទស្សនៈគ្នាយ៉ាងលម្អិត។ នៅក្នុងដំណើរការនេះ យើងនឹងបន្តការពិគ្រោះយោបល់ និងកិច្ចសហប្រតិបត្តិការរបស់យើង ជាមួយប្រទេសប៉ូឡូញ”។

គួរបញ្ជាក់ថា លោក Duda បានទៅបំពេញទស្សនកិច្ច នៅប្រទេសតួកគី កាលពីថ្ងៃពុធ ដើម្បីពិភាក្សាជាមួយប្រធានាធិបតីតួកគី អំពីវិធីក្នុងការដោះស្រាយ ជម្លោះរុស្ស៊ី និងអ៊ុយក្រែន។

លោក Erdogan បានស្វាគមន៍ប្រធានាធិបតីប៉ូឡូញ នៅទីក្រុងអង់ការ៉ាដែលជាផ្នែក នៃកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល របស់ប្រទេសតួកគី ដើម្បីទទួលបានបទឈប់បាញ់ នៅអ៊ុយក្រែន។

ផ្ទាំងពាណិជ្ជកម្ម

លោក Erdogan បានលើកឡើងថា “យើងបន្តការប៉ុនប៉ងរបស់យើង ដើម្បីសម្រេចបានបទឈប់បាញ់” ដោយបន្ថែមថា រដ្ឋមន្ត្រីការបរទេសតួកគីលោក Mevlut Cavusoglu នឹងបន្ត “ដំណើរការទូត” ទៅកាន់ប្រទេសអ៊ុយក្រែន នៅថ្ងៃព្រហស្បតិ៍ នេះ បន្ទាប់ពីកិច្ចពិភាក្សា របស់លោកជាមួយសមភាគីរុស្ស៊ី នៅទីក្រុងមូស្គូ កាលពីថ្ងៃពុធ។

លោក Erdogan បានបន្ថែមថា លោកនឹងចូលរួមកិច្ចប្រជុំកំពូល NATO នៅទីក្រុងព្រុចសែល នៅថ្ងៃទី២៤ ខែមីនា ហើយនឹងធ្វើការពិភាក្សា អំពីដំណើរការទាក់ទង នឹងប្រទេសរុស្ស៊ី និងអ៊ុយក្រែន។

ប្រធានាធិបតីតួកគី ក៏បានសរសើរប៉ូឡូញ សម្រាប់ការទទួលជនភៀសខ្លួនអ៊ុយក្រែន។ លោកបានលើកឡើងថា “ដោយបានធ្វើជាម្ចាស់ផ្ទះ នៃចំនួនជនភៀសខ្លួនច្រើនជាងគេបំផុត នៅក្នុងពិភពលោក សម្រាប់រយៈពេល ៨ឆ្នាំ តួកគីយល់ពីប៉ូឡូញល្អបំផុត”៕ ប្រែសម្រួល ឈូក បូរ៉ា

To Top