ព័ត៌មានអន្តរជាតិ

លោក Xi Jinping ប្រធានរដ្ឋចិន​ ជួបពិភាក្សាតាមទូរស័ព្ទ​ ជាមួយលោក Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ី

រសៀលថ្ងៃទី១៦ ខែមីនា លោក Xi Jinping ប្រធានរដ្ឋចិន បានជួបសន្ទនាតាមទូរស័ព្ទ ជាមួយលោក Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ី ។

លោក Xi Jinping បានលើកឡើងថា ប្រទេសចិនមានឆន្ទៈ ក្នុងការរក្សាទំនាក់ទំនងជិតស្និទ្ធ ជាមួយឥណ្ឌូណេស៊ី ដើម្បីជំរុញកិច្ច សហប្រតិបត្តិការមេត្រីភាព រវាងចិន និងឥណ្ឌូណេស៊ី ឱ្យទទួលបានការអភិវឌ្ឍថ្មី ជាបន្តបន្ទាប់ និងបញ្ចូលថាមពល លំនឹងស្ថិរភាព និងថាមពលវិជ្ជមានបន្ថែមទៀត ចំពោះស្ថានការណ៍ទូទៅ នៃការអភិវឌ្ឍក្នុងតំបន់និងពិភពលោក។

លោក Xi Jinping បានសង្កត់ធ្ងន់ថា មិនថាគម្រោងណាមួយក្តី ឱ្យតែមានអំណោយផល ដល់ការអភិវឌ្ឍ នៃប្រទេសឥណ្ឌូណេស៊ី និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ចិន ឥណ្ឌូណេស៊ី នោះ ប្រទេសចិន សុទ្ធតែប្រកាន់អាកប្បកិរិយាវិជ្ជមាន។

ជាការឆ្លើយតប លោក Joko Widodo បានថ្លែងថា ប្រទេសឥណ្ឌូណេស៊ី មានឆន្ទៈរួមជាមួយប្រទេសចិន ដើម្បីបញ្ចប់កិច្ចកសាង ផ្លូវរថភ្លើងល្បឿនលឿន Jakarta-Bandung តាមការគ្រោងទុក ក្នុងន័យផ្តល់ផលប្រយោជន៍ ដល់ប្រជាជននៃប្រទេសទាំងពីរ។ ឥណ្ឌូណេស៊ីសង្ឃឹមថា នឹងអាចធ្វើកិច្ចសហប្រតិបត្តិការ ត្រីភាគីជាមួយចិន ដើម្បីជំរុញការកសាងរដ្ឋធានីថ្មី នៃប្រទេសឥណ្ឌូណេស៊ី ហើយសង្ឃឹមថា ប្រទេសចិននឹងបន្តគាំទ្រ ដល់ការកសាង “របៀងសេដ្ឋកិច្ចចម្រុះក្នុងតំបន់” របស់ប្រទេសឥណ្ឌូណេស៊ី និងការបង្កើតសួនឧស្សាហកម្មបៃតង។

ភាគីទាំងពីរក៏បានផ្លាស់ប្តូរ មតិយោបល់អំពីស្ថានការណ៍ នៅអ៊ុយក្រែន ហើយបានឯកភាពគ្នាថា ភាគីទាំងអស់គួរតែប្រកាន់ខ្ជាប់ ការជំរុញការចរចា ដោយសន្តិភាព ទប់ស្កាត់កុំឱ្យកើត មានវិបត្តិមនុស្សធម៌ ក្នុងទ្រង់ទ្រាយធំ គ្រប់គ្រងផលប៉ះពាល់អវិជ្ជមាន ចំពោះសេដ្ឋកិច្ចពិភពលោក ដែលបណ្តាលមកពី ការដាក់ទណ្ឌកម្ម និងជៀសវាងកុំអូសទម្លាក់ ដំណើរងើបឡើងវិញ នៃសេដ្ឋកិច្ចពិភពលោក។

To Top