ព័ត៌មានអន្តរជាតិ

Updated៖ រុស្ស៊ី ប្រើមីស៊ីលល្បឿនលឿន ជាងសំឡេងជាលើកដំបូងវាយប្រហារ មកលើអ៊ុយក្រែន

ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ថាក្រសួងការពារជាតិបានឲ្យដឹងថា ប្រទេសរុស្ស៊ី បានប្រើប្រាស់មីស៊ីល ល្បឿនលឿនជាងសំឡេង Kinzhal ដែលថ្មីបំផុតរបស់ខ្លួនជាលើកដំបូង នៅក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃសុក្រ ដើម្បីបំផ្លាញទីតាំងផ្ទុកអាវុធ នៅភាគខាងលិចរបស់ប្រទេសនេះ ។

រុស្ស៊ី មិនដែលទទួលស្គាល់ពីមុនមកថា បានប្រើប្រាស់អាវុធដែលមានភាពជាក់លាក់ខ្ពស់ ក្នុងការប្រយុទ្ធនោះទេ ហើយទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA Novosti បានឲ្យដឹងថា វាគឺជាការប្រើប្រាស់ អាវុធល្បឿនលឿន Kinzhal ជាលើកដំបូងក្នុងអំឡុងពេលជម្លោះនៅក្នុងប្រទេស ដែលគាំទ្រអ៊ុយក្រែន ពីលោកខាងលិច ។

ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា “ប្រព័ន្ធមីស៊ីលវាយប្រហារ ពីផ្លូវអាកាសចរណ៍ Kinzhal ដែលមានមីស៊ីលផ្លោង លឿនជាងសំឡេង បានបំផ្លាញឃ្លាំងក្រោមដីដ៏ធំមួយ ដែលមានមីស៊ីល និងគ្រាប់រំសេវអាកាសចរណ៍នៅក្នុងភូមិ Deliatyn ក្នុងតំបន់ Ivano-Frankivsk” ។

អ្នកនាំពាក្យក្រសួងការពារជាតិ បានបដិសេធមិនធ្វើអត្ថាធិប្បាយនៅពេលទទួលបាន ការចោទសួរដោយ ទីភ្នាក់ងារព័ត៌មាន AFP ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top