ព័ត៌មានអន្តរជាតិ

Updated: ប្រធានាធិបតី សហរដ្ឋអាមេរិក ជួបពិភាក្សាជាមួយរដ្ឋមន្ត្រីជាន់ខ្ពស់២រូបរបស់អ៊ុយក្រែន នៅក្នុងទឹកដីប៉ូឡូញ 


បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិ និងរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអ៊ុយក្រែននៅក្នុងប្រទេសប៉ូឡូញ ។
អ្នកខ្លះបានលើកឡើងថា ជាការពិតដែលរដ្ឋមន្ត្រីចាកចេញពីអ៊ុយក្រែនសម្រាប់កិច្ចចរចា គឺជាសញ្ញានៃការបង្កើនទំនុកចិត្តលើរបៀបដែលសង្រ្គាមជាមួយរុស្ស៊ីកំពុងកើតឡើង។

គួរបញ្ជាក់ថា លោក បៃដិន បានស្ថិតនៅក្នុងប្រទេសប៉ូឡូញ តាំងពីថ្ងៃសុក្រ ហើយកំពុងជួបជាមួយប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda ផងដែរ ។

លោកប្រធានាធិបតី Volodymyr Zelensky ថ្លែងថា អ៊ុយក្រែនបានរងទុក្ខ ពី “ការវាយប្រហារដ៏ខ្លាំងក្លា” និង “ការខាតបង់យ៉ាងសម្បើម” ដោយរុស្ស៊ី ។

កងទ័ពរុស្ស៊ីលើកឡើងថា ដំណាក់កាលដំបូងនៃយុទ្ធនាការយោធារបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែនបានបញ្ចប់ហើយ ហើយឥឡូវនេះវានឹងផ្តោតលើតំបន់ Donbas ដែលស្ថិតនៅភាគខាងកើត ។

មន្ត្រីរបស់ប្រទេសលោកខាងលិច ជឿជាក់ថា ការប្រកាសនេះបង្កប់ន័យថា ទីក្រុងម៉ូស្គូ ដឹងថាយុទ្ធសាស្ត្រមុនសង្គ្រាមរបស់ខ្លួនបានបរាជ័យ ។

មន្ត្រីម្នាក់នៅក្នុងក្រុងកំពង់ផែ Mariupol ភាគខាងត្បូងដែលត្រូវបានឡោមព័ទ្ធប្រាប់ដល់ទូរទស្សន៍ BBC ថា មនុស្ស៣០០ នាក់បានស្លាប់នៅក្នុងការវាយប្រហារកាលពីសប្តាហ៍មុនមកលើរោងមហោស្រពមួយ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top