ព័ត៌មានអន្តរជាតិ

News Updated៖ ករណីធ្លាក់យន្តហោះ China Eastern អាជ្ញាធរបញ្ជាក់ថា ស្លាប់ទាំងអស់១៣២នាក់ 

ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ថា អាជ្ញាធរអាកាសចរណ៍ស៊ីវិលរបស់ប្រទេសចិន បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា មនុស្ស១៣២នាក់នៅលើយន្តហោះដែលបានធ្លាក់ចូលទៅក្នុងភ្នំមួយនៅភាគខាងត្បូង នៃប្រទេសចិននៅក្នុងសប្តាហ៍នេះ ត្រូវបានបញ្ជាក់ថា បានស្លាប់អស់ហើយ ។

សាច់ញាត្តិជនរងគ្រោះរាប់សិបនាក់ បានរង់ចាំអស់ជាច្រើនថ្ងៃ ខណៈដែលក្រុមជួយសង្គ្រោះ បានទៅដល់ជម្រាលព្រៃឈើយ៉ាងក្រាស់ ដើម្បីស្វែងរកបំណែកយន្តហោះ និងសញ្ញានៃអ្នករស់រានមានជីវិតពីការធ្លាក់កាលពីថ្ងៃចន្ទ នៅជិតទីក្រុង Wuzhou ខេត្ត Guangxi ។

ខណៈដែលមិនទាន់កំណត់មូលហេតុនៅឡើយ ទិន្នន័យតាមដានតាមអ៊ីនធឺរណេតបានបង្ហាញថា យន្តហោះបានធ្លាក់ចុះយ៉ាងលឿនពីកម្ពស់២៩.១០០ទៅ៧.៨៥០ហ្វីត ក្នុងរយៈពេលត្រឹមតែជាងមួយនាទីប៉ុណ្ណោះ ។

លោក Hu Zhenjiang អគ្គនាយករងនៃរដ្ឋបាលអាកាសចរណ៍ស៊ីវិលនៃប្រទេសចិន បានប្រាប់ឲ្យដឹងនៅក្នុងពេលធ្វើសន្និសីទសារព័ត៌មានថា “អ្នកដំណើរទាំង១២៣នាក់ និងសមាជិកនាវិក៩នាក់នៃជើងហោះហើរ MU5735 នៃក្រុមហ៊ុនអាកាសចរណ៍ China Eastern ត្រូវបានបាត់បង់ជីវិតនៅលើយន្តហោះកាលពីថ្ងៃទី២១ ខែមីនា” ។

“អត្តសញ្ញាណជនរងគ្រោះ១២០នាក់ត្រូវបានកំណត់ដោយ DNA កំណត់អត្តសញ្ញាណ” ។

បន្ទាប់ពីការប្រកាសនេះ លោក Hu និងអ្នកកាសែតដែលបានជួបប្រជុំគ្នាបានឈរមើល ដោយភាពស្ងៀមស្ងាត់រយៈពេលមួយនាទីសម្រាប់ជនរងគ្រោះ នៃសោកនាដកម្មនេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top