ព័ត៌មានអន្តរជាតិ

Update: ក្រោយជួបជាមួយលោក Blinken ភ្លាម ស្រាប់តែ​នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Naftali Bennett ឆ្លងជំងឺកូវីដ-១៩

យេរ៉ូសាឡឹម៖ ការិយាល័យរបស់លោកនាយករដ្ឋមន្រ្តី បានឲ្យដឹងនៅរសៀលថ្ងៃចន្ទនេះថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Naftali Bennett បានធ្វើតេស្តវិជ្ជមានសម្រាប់ ជំងឺកូវីដ-១៩ បន្ទាប់ពីបានជួបជាមួយ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ។

លោក Bennett ដែលបានជួបមន្រ្តីការបរទេសអាមេរិក លោក Blinken ក្នុងទីក្រុងយេរ៉ូសាឡឹម កាលពីថ្ងៃអាទិត្យនៅខាងក្រៅ “កិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រ” របស់អ្នកការទូតអ៊ីស្រាអែល និងអារ៉ាប់ “កំពុងមានអារម្មណ៍ល្អ ហើយនឹងបន្តកាលវិភាគរបស់លោក ដូចដែលបានគ្រោងទុក ពីផ្ទះរបស់លោក”។

កាលពីថ្ងៃអាទិត្យផងដែរ លោក Bennett បានទៅទស្សនាទីក្រុង Hadera ភាគខាងជើងនៃប្រទេសអ៊ីស្រាអែល បន្ទាប់ពីខ្មាន់កាំភ្លើងបានបាញ់សម្លាប់ មន្ត្រីប៉ូលិសពីរនាក់ នៅក្នុងការវាយប្រហារមួយ ដែលត្រូវបានអះអាងដោយក្រុមជីហាដរដ្ឋអ៊ីស្លាម។

ប៉ូលិសបានឲ្យដឹងថា ខ្មាន់កាំភ្លើងទាំងពីរនាក់ ដែលជាជនជាតិអារ៉ាប់ អ៊ីស្រាអែល កំណត់អត្តសញ្ញាណ ដោយចារកម្មអ៊ីស្រាអែលថា ជាប្រតិបត្តិការ IS ក្នុងតំបន់ ត្រូវបានសម្លាប់ដោយមន្ត្រីប្រឆាំងភេរវកម្ម ដែលបានកើតឡើងនៅក្បែរនោះ។

ការិយាល័យរបស់លោក Bennett បាននិយាយថា នៅថ្ងៃចន្ទ នាយករដ្ឋមន្ត្រី “នឹងធ្វើការវាយតម្លៃស្ថានភាពមួយ បន្ទាប់ពីការវាយប្រហារ ដែលបានកើតឡើងកាលពីយប់មិញ ជាមួយ” រដ្ឋមន្ត្រីក្រសួងការពារជាតិ សន្តិសុខសាធារណៈ អគ្គសេនាធិការកងទ័ព និងមន្ត្រីដទៃទៀត៕ ប្រែសម្រួល ឈូក បូរ៉ា

To Top