ព័ត៌មានអន្តរជាតិ

លោក Xi Jinping៖ ប្រជាជនមានជំនឿ ប្រជាជាតិមានក្តីសង្ឃឹម ប្រទេសមានកម្លាំង

លោក Xi Jinping មានប្រសាសន៍ថា ប្រទេសចិនមានជំនឿជឿជាក់យ៉ាងមុតមាំ ចំពោះមាគ៌ាខ្លួន ខាងទ្រឹស្តី និងខាងរបបនយោបាយ ដែលសារធាតុពិតគឺឈរលើមូលដ្ឋាន នៃជំនឿជឿជាក់លើវប្បធម៌ និងអរិយធម៌ ដែលបានបន្តវេនជាង ៥ ពាន់ឆ្នាំមកម្ល៉េះ។

វប្បធម៌ប្រពៃណីដ៏អស្ចារ្យរបស់ប្រទេសចិន ដែលបង្កើតចេញពីអរិយធម៌មានរយៈពេល ជាង៥ពាន់ឆ្នាំ និងវប្បធម៌សង្គមនិយមដ៏ជឿនលឿន និងវប្បធម៌បដិវត្តន៍ ដែលបង្កើតចេញពីការតស៊ូយ៉ាងអស្ចារ្យ របស់បក្សកុម្មុយនិស្តចិន និងប្រជាជនចិន បានបង្កប់នូវការស្វែងរកខាងស្មារតី ដ៏ជ្រាលជ្រៅបំផុត របស់ប្រជាជាតិចិន និងបានតំណាងឱ្យនិមិត្តសញ្ញា នៃស្មារតីដ៏វិសេសវិសាល របស់ប្រជាជាតិចិនតែម្តង។

លោក Xi Jinping បានថ្លែងថា ជនជាតិចិនស្រឡាញ់សន្តិភាពជានិច្ច។ ទស្សនៈដូចជា«យកការរាប់អានគ្នា ដោយសន្តិភាពជាអាទិភាព» «ជួយអ្នកដទៃប្រកបដោយចិត្តធម៌» «បើមិនចង់ទទួលទង្វើណាមួយ ពីអ្នកដទៃ សូមកុំសាងទង្វើនោះទៅកាន់អ្នកដទៃ»ជាដើម បានបន្តពីមួយជំនាន់ទៅមួយជំនាន់ នៅក្នុងប្រទេសចិន ហើយក៏បានចាក់ឫសគល់យ៉ាងជ្រៅ នៅក្នុងស្មារតីប្រជាជនចិន និងបញ្ជាក់យ៉ាងច្បាស់ តាមរយៈសកម្មភាពរបស់ប្រជាជនចិនទៀតផង។ក្នុងរយៈពេលច្រើនឆ្នាំកន្លងមក គំនិត សេចក្តីផ្តួចផ្តើម និងដំណោះស្រាយដែលបង្ហាញពីគោលជំហរ របស់ប្រទេសចិន បញ្ញារបស់ប្រទេសចិននិងតម្លៃ របស់ប្រទេសចិន បានបង្ហាញនៅលើឆាកអន្តរជាតិ ជាបន្តបន្ទាប់ គំនិតផ្តួចផ្តើមការទូត របស់ប្រទេសចិន ដូចជា «ទំនាក់ទំនងអន្តរជាតិប្រភេទថ្មី» «សហគមន៍វាសនារួម» «ខ្សែក្រវាត់និងផ្លូវ»ជាដើម ក៏បានទទួលស្គាល់និងគាំទ្រ ពីអន្តរជាតិជាបន្តបន្ទាប់ទៀតផង។

លោកXi Jinping បានថ្លែងថា អរិយធម៌មនុស្សលោកដ៏សម្បូបែប សុទ្ធតែមានតម្លៃរៀងៗខ្លួន។ យើងគួរតែវិភាគដោយសមហេតុផល ចំពោះគម្លាតរវាងអរិយធម៌របស់ប្រទេសខ្លួន និងអរិយធម៌របស់ប្រទេសអ្នកផ្សេង ស្គាល់ច្បាស់ពីអរិយធម៌ របស់ប្រទេសជាតិ និងជនជាតិនីមួយៗសុទ្ធតែមាន ភាពខុសៗគ្នា ប្រកាន់ខ្ជាប់នូវការស្វែងរកមូលដ្ឋានរួម រៀនពីគ្នាទៅវិញទៅមក មិនវាយប្រហារ និងមិនប្រមាថចំពោះអរិយធម៌ របស់ប្រទេសអ្នកផ្សេង។ យើងមិនត្រូវទាស់ចិត្ត នៅពេលដែលមើលឃើញ អរិយធម៌ប្រទេសផ្សេងខុសគ្នា ពីអរិយធម៌របស់ខ្លួន ហើយក៏ចង់ទៅកែប្រែគេ និងបង្ខំឱ្យគេដូចគ្នាជាមួយយើង រហូតដល់មានការប៉ុនប៉ង ចង់យកអរិយធម៌របស់ខ្លួន ទៅជំនួសអរិយធម៌ប្រទេសអ្នកផ្សេងទៀត។

លោក Xi Jinping បានមានប្រសាសន៍ថា ប្រជាជនមានជំនឿ ប្រជាជាតិមានក្តីសង្ឃឹម ប្រទេសមានកម្លាំង។ ការសម្រេចបាននូវការស្តារវិបុលភាព ដ៏មហិមាឡើងវិញ របស់ប្រជាជាតិចិន ជាដំណើរអភិវឌ្ឍន៍ទាំងអរិយធម៌ខាងសម្ភារៈ និងអរិយធម៌ខាងស្មារតី។ ទន្ទឹមនឹងសេដ្ឋកិច្ច និងសង្គមកិច្ចរបស់ប្រទេសចិន បានវិវឌ្ឍរីកចម្រើនដោយឥតឈប់ឈរ អរិយធម៌ប្រជាជាតិចិនក៏រមែង នឹងវិវឌ្ឍទៅមុខតាមចរន្តយុគ្គសម័យ លេចឡើងនូវកម្លាំងកាន់តែខ្លាំងក្លា៕

To Top