ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ជំរុញ ឲ្យអាមេរិក បោះបង់ការទាមទារហួសហេតុ ដើម្បីឈាន ដល់កិច្ចព្រមព្រៀង នុយក្លេអ៊ែរ

តេអេរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានឲ្យដឹងថា សហរដ្ឋអាមេរិក ត្រូវតែបោះបង់ការទាមទារហួសហេតុ របស់ខ្លួន ដូច្នេះថា “កិច្ចខិតខំប្រឹងប្រែងដ៏ខ្លាំងក្លា នៅទីក្រុងវីយែន ដើម្បីឱ្យភាគីទាំងអស់ត្រឡប់ ទៅការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងអំឡុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥ នឹងត្រូវបញ្ចប់” ។

លោក Hossein Amir Abdollahian បានធ្វើការកត់សម្គាល់ នៅក្នុងជំនួបជាមួយសមភាគីកាតារបស់លោក Sheikh Mohammed bin Abdulrahman Al Thani នៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេស នៃប្រទេសជិតខាងអាហ្វហ្គានីស្ថាន នៅក្នុងប្រទេសចិន នេះបើយោងតាមគេហទំព័រ របស់ក្រសួងការបរទេសអ៊ីរ៉ង់ ។

ដោយបានរៀបរាប់លម្អិត អំពីស្ថានភាព បច្ចុប្បន្ន នៃការចរចានៅរដ្ឋធានីអូទ្រីស រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានឲ្យដឹងថា ការសម្រេចបាននូវ កិច្ចព្រមព្រៀងមួយ នៅក្នុងកិច្ចពិភាក្សា គឺផ្អែកលើការអនុម័តវិធីសាស្រ្ត ជាក់ស្តែងរបស់ទីក្រុងវ៉ាស៊ីនតោន។

ចំពោះទំនាក់ទំនងទ្វេភាគី រវាងអ៊ីរ៉ង់ និងកាតា លោក Amir Abdollahian បានអំពាវនាវឱ្យមានការពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី និងតាមដានការអនុវត្តកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខាពីមុន។

សម្រាប់ផ្នែករបស់លោក រដ្ឋមន្ត្រីការបរទេសកាតា បានគូសបញ្ជាក់អំពីតម្រូវការ សម្រាប់ការធ្វើឱ្យសកម្មបន្ថែមទៀត នៃទំនាក់ទំនងទ្វេភាគី ដោយសរសើរអ៊ីរ៉ង់ ចំពោះការចូលរួមយ៉ាងសកម្ម នៅក្នុងសន្និសីទអន្តរជាតិ វេទិកាដូហា ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top