ព័ត៌មានអន្តរជាតិ

Update: អាមេរិក សន្យាផ្តល់រថក្រោះបន្ថែម ឱ្យអ៊ុយក្រែន ប៉ុន្តែមិនបញ្ជាក់ចំនួន

បរទេស៖ កាសែត New York Times បានរាយការណ៍កាលពីថ្ងៃសុក្រ ដោយដកស្រង់សម្តីមន្ត្រីអាមេរិក ដែលមិនបញ្ចេញឈ្មោះថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នឹងដើរតួជាអន្តរការី ដើម្បីជួយបញ្ជូនរថក្រោះផលិត ដោយសូវៀត ទៅឱ្យកាន់អ៊ុយក្រែន។ រដ្ឋាភិបាលទីក្រុងគៀវ បានកំពុងអង្វរលោកខាងលិច ឲ្យផ្គត់ផ្គង់អាវុធធុនធ្ងន់ជាងនេះ ចាប់តាំងពីការចាប់ផ្តើម យុទ្ធនាការយោធារបស់រុស្ស៊ី កាលពីចុងខែកុម្ភៈ វាយប្រហារអ៊ុយក្រែន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រភពបានប្រាប់កាសែត New York Times ថា ការផ្ទេរនេះនឹងចាប់ផ្តើម ក្នុងពេលឆាប់ៗនេះ ប៉ុន្តែបានបដិសេធមិនបញ្ជាក់ថា តើរថក្រោះប៉ុន្មានគ្រឿង នឹងត្រូវបញ្ជូននោះទេ។ ប្រជាជនអ៊ុយក្រែន ជាទូទៅស៊ាំជាមួយផ្នែករឹង នៃសម័យសូវៀត ដែលមានន័យថាពួកគេ នឹងត្រូវការការបណ្តុះបណ្តាលតិចជាងមុន ក្នុងការប្រើប្រាស់របស់វា។

ដំណឹងនេះកើតឡើងមួយសប្តាហ៍ បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានស្នើសុំឱ្យណាតូ “មួយភាគរយ” នៃរថក្រោះ និងយន្តហោះរបស់ណាតូ ដែលមានបច្ចុប្បន្ន។

ប្រទេសលោកខាងលិច បានបញ្ជូនកាំជ្រួចប្រឆាំងរថក្រោះ ទៅកាន់ទីក្រុងគៀវ ប៉ុន្តែក្រុមមន្ត្រីអ៊ុយក្រែន និយាយថា វាមិនគ្រប់គ្រាន់ទេ ក្នុងការការពារពីការវាយលុក របស់កងទ័ពរុស្ស៊ីនោះទេ។ កាលពីថ្ងៃសុក្រ ប្រទេសអាល្លឺម៉ង់ បានយល់ព្រមលើការផ្ទេរ រថពាសដែក 56 PbV-501 ទៅកាន់ប្រទេសអ៊ុយក្រែន។ រថពាសដែក ដែលត្រូវបានសាងសង់ ក្នុងអតីតប្រទេសអាល្លឺម៉ង់ខាងកើត និងបានរចនាក្នុងទសវត្សរ៍ឆ្នាំ 1960 បច្ចុប្បន្នជាកម្មសិទ្ធិរបស់ក្រុមហ៊ុន របស់ប្រទេសឆែក៕ ប្រែសម្រួលៈ ណៃ តុលា

To Top