ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់៖ អាមេរិកគ្មានក្ដីមេត្តា ចំពោះប្រជាជាតិមូស្លីមនោះទេ

តេអេរ៉ង់៖ យោងតាមគេហទំព័រផ្លូវការ របស់ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បានឲ្យដឹងថា សហរដ្ឋអាមេរិក មិនមានការអាណិតអាសូរណាមួយ ចំពោះប្រទេសមូស្លីម នៅក្នុងតំបន់នោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ធ្វើការកត់សម្គាល់ នៅក្នុងការសន្ទនាតាមទូរស័ព្ទ ជាមួយសមភាគីអ៊ីរ៉ាក់លោក Barham Salih លោក Raisi បានលើកឡើងថា វាបានក្លាយជាភស្តុតាង ដែលថាអំណាចខាងក្រៅស្វែងរក តែផលប្រយោជន៍ផ្ទាល់ខ្លួន និងគោលដៅអនុត្តរភាពប៉ុណ្ណោះ។

លោក Raisi បានបន្ដថា អ៊ីរ៉ង់គាំទ្រអ៊ីរ៉ាក់ ក្នុងការលើកកម្ពស់ការរួបរួម ឯករាជ្យភាព សន្តិសុខ និងជំហរក្នុងតំបន់ និងអន្តរជាតិ ដោយកត់សម្គាល់ថា អសន្តិសុខណាមួយ នៅក្នុងប្រទេសអ៊ីរ៉ាក់ នឹងធ្វើឱ្យប៉ះពាល់ដល់តំបន់ទាំងមូល។

ប្រធានាធិបតីអ៊ីរ៉ង់បានប្រាប់លោក Salih ឲ្យដឹងថាវិសាលភាពនៃទំនាក់ទំនង “ជាបងប្អូន និងមិត្តភាព” រវាងអ៊ីរ៉ង់ និងអ៊ីរ៉ាក់ លើសពីប្រទេសជិតខាងទាំងពីរ។

ទន្ទឹមនឹងនោះ ប្រធានាធិបតីអ៊ីរ៉ាក់ បានសង្កត់ធ្ងន់លើតម្រូវការ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី ជាមួយអ៊ីរ៉ង់ ដើម្បីជំនះលើបញ្ហាប្រឈមក្នុងតំបន់ យោងទៅតាមអាទិភាពខ្ពស់ ចំពោះស្ថិរភាព និងសន្តិសុខក្នុងតំបន់៕ ប្រែសម្រួល ឈូក បូរ៉ា

To Top