ព័ត៌មានអន្តរជាតិ

Update: វិមានក្រឹមឡាំង ៖ ការទូទាត់ប្រាក់រូបល នឹងត្រូវបានប្រើកាន់តែច្រើន នៅក្នុងពាណិជ្ជកម្ម បរទេសរបស់រុស្ស៊ី

ម៉ូស្គូ ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានលើកឡើងថា ការទូទាត់ ប្រាក់រូបល នឹងត្រូវបានប្រើកាន់ តែច្រើននៅក្នុងពាណិជ្ជកម្មបរទេស របស់ប្រទេសរុស្ស៊ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Peskov បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ មួយជាមួយប្រទេសរុស្ស៊ីថា “វានៅតែជាប្រព័ន្ធគំរូ (នៃការទូទាត់) ប៉ុន្តែខ្ញុំមានទំនុកចិត្តថា វានឹងរីករាលដាលដល់ក្រុមទំនិញថ្មីផងដែរ ហើយវានឹងដើរតួនាទីកាន់តែធំ នៅក្នុងពាណិជ្ជកម្មបរទេស របស់យើង” ។

នៅពេលនិយាយអំពីការទូទាត់ប្រាក់រូបល សម្រាប់ឧស្ម័នរុស្ស៊ី លោក Peskov បានលើកឡើងថា អ្នកទិញនឹងបង់ប្រាក់ជាឯកតា “មានចែងក្នុងកិច្ចព្រមព្រៀង” ប៉ុន្តែការទូទាត់ចុងក្រោយ នឹងត្រូវដាក់ជូនអ្នកលក់ ដែលជាក្រុមហ៊ុនឧស្សាហកម្មឧស្ម័ន យក្សរបស់រុស្ស៊ី Gazprom ជាប្រាក់រូបល ដោយការទិញប្រាក់រូបលរុស្ស៊ីជាមួយនឹងប្រាក់អឺរ៉ូទាំងនេះ ឬ ប្រាក់ដុល្លារ ។

លោកបានបន្ថែមថា ការទូទាត់ប្រាក់រូបល សម្រាប់ឧស្ម័នរបស់រុស្ស៊ីមានន័យថា ធានាសុវត្ថិភាពពាណិជ្ជកម្មរបស់រុស្ស៊ី និងមិនធ្វើឱ្យនរណាម្នាក់ខឹងឡើយ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top