ព័ត៌មានអន្តរជាតិ

ប៉ាឡេស្ទីន អំពាវនាវ ឲ្យមានអន្ដរាគមន៍ ពីអន្ដរជាតិ ដើម្បីបញ្ឈប់ភាពតានតឹង ជាមួយអ៊ីស្រាអែល

រ៉ាម៉ាឡា ៖ រដ្ឋាភិបាលប៉ាឡេស្ទីន បានអំពាវនាវ ឱ្យមានអន្តរាគមន៍ របស់សហគមន៍អន្តរជាតិ ដើម្បីបញ្ឈប់ភាពតានតឹងនាពេលថ្មីៗនេះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន នៅតំបន់ West Bank និងយេរ៉ូសាឡឹមខាងកើត ។

ក្រសួងការបរទេសប៉ាឡេស្ទីន បានឲ្យដឹងនៅក្នុងសេចក្តី ថ្លែងការណ៍មួយថា ប៉ាឡេស្ទីនបានអំពាវនាវឱ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ស៊ើបអង្កេតការរំលោភ និងការវាយដំរបស់កងទ័ពអ៊ីស្រាអែល និងអ្នកតាំងលំនៅអ៊ីស្រាអែល ប្រឆាំងនឹងប៉ាឡេស្ទីន។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “ឧក្រិដ្ឋកម្មទាំងនេះ គឺជាការអំពាវនាវយ៉ាងច្បាស់លាស់មួយ ដើម្បីផ្ទុះស្ថានការណ៍ និងបញ្ឆេះអំពើហិង្សា និងភាពចលាចលក្នុងអំឡុងខែដ៏វិសុទ្ធនៃបុណ្យរ៉ាម៉ាដាន” ។

ក្រសួងការបរទេសបានអំពាវនាវ ឱ្យសហគមន៍អន្តរជាតិ ធានាការការពារអន្តរជាតិ សម្រាប់ជនជាតិប៉ាឡេស្ទីន នៅតំបន់ West Bank, East Jerusalem, និង Gaza Strip ។

ចាប់តាំងពីថ្ងៃព្រហស្បតិ៍មក យ៉ាងហោចណាស់ជនជាតិ ប៉ាឡេស្ទីន 6 នាក់ ត្រូវបានសម្លាប់ដោយទាហានអ៊ីស្រាអែល នៅតំបន់ West Bank រួមទាំងសមាជិកបីនាក់ នៃក្រុមជីហាតអ៊ីស្លាមប៉ាឡេស្ទីន (PIJ) ផងដែរ ។

កិច្ចចរចាសន្តិភាព ដែលឧបត្ថម្ភដោយសហរដ្ឋអាមេរិក រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនបានបែកបាក់ក្នុងឆ្នាំ 2014 បន្ទាប់ពីមានភាពខុសគ្នា យ៉ាងជ្រាលជ្រៅលើព្រំដែន សន្តិសុខ និងការតាំងទីលំនៅរបស់អ៊ីស្រាអែល រវាងភាគីទាំងពីរ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top