ព័ត៌មានអន្តរជាតិ

អ្នកជំនាញ ៖ ជំនួបរវាងមេដឹកនាំចិន និង សហភាពអឺរ៉ុប បានចាក់បញ្ចូលស្ថិរភាព ទៅក្នុង ស្ថានភាព ពិភពលោក

ប៉េកាំង ៖ អ្នកជំនាញ អឺរ៉ុប បានលើកឡើងយ៉ាង យកចិត្តទុកដាក់ ចំពោះកិច្ចប្រជុំមេដឹកនាំចិន-សហភាពអឺរ៉ុប (EU) លើកទី២៣ ដែលបានធ្វើឡើង កាលពីថ្ងៃសុក្រ ក្នុងអំឡុងពេល ដែលប្រធានាធិបតីចិនលោក Xi Jinping បានជួបតាមរយៈខ្សែវីដេអូ ជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុប Charles Michel និងប្រធាននៃគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen។

អ្នកជំនាញ និងអ្នកប្រាជ្ញ បានសាទរចំពោះសុន្ទរកថារបស់លោក Xi ស្តីពីទំនាក់ទំនងចិន-សហភាពអឺរ៉ុប និងវិបត្តិអ៊ុយក្រែន ដោយលើកឡើងថា កិច្ចប្រជុំបានផ្តល់ការណែនាំជាយុទ្ធសាស្ត្រ សម្រាប់ការអភិវឌ្ឍ ប្រកបដោយចីរភាព និងរឹងមាំនៃទំនាក់ទំនងចិន-សហភាពអឺរ៉ុប ខណៈដែលបន្ថែមស្ថិរភាព និងថាមពលវិជ្ជមានដល់ពិភពលោក ដែលកំពុងស្ថិតក្នុងចលាចល ។

លោក Frederic Baldan នាយកប្រតិបត្តិ នៃក្រុមហ៊ុនប្រឹក្សាយោបល់ របស់ប្រទេសបែលហ្ស៊ិក CEBiz បានលើកឡើងថា លោកកោតសរសើរ ចំពោះការលើកឡើងរបស់លោក Xi លើការអភិវឌ្ឍន៍ទំនាក់ទំនងចិន-សហភាពអឺរ៉ុប ។

លោក Baldan បានប្រាប់សារព័ត៌មានចិនស៊ិនហួ កាលពីថ្ងៃសៅរ៍ថា សំណើរបស់ចិន “ឆ្លើយតបនឹងផលប្រយោជន៍របស់ប្រជាជនអឺរ៉ុប” ហើយនឹងផ្តល់អត្ថប្រយោជន៍ ដល់ពិភពលោក។

លោក Leon Laulusa អនុប្រធានប្រតិបត្តិនៃសាលាធុរកិច្ច ESCP ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស បានលើកឡើងថា ប្រទេសចិន និងសហភាពអឺរ៉ុបគឺជា “តួអង្គសំខាន់ពីរ” នៅលើឆាកអន្តរជាតិ ហើយតួនាទីរបស់ពួកគេ “មានសារៈសំខាន់ណាស់ក្នុងការធានាសន្តិភាព និងសន្តិសុខពិភពលោក” ។

លោក Laulusa បានបន្ដថា ប្រទេសចិន និងសហភាពអឺរ៉ុប បានសហការអស់រយៈពេលជាច្រើនឆ្នាំ ជាពិសេសក្នុងវិស័យសន្តិភាព សន្តិសុខ វិបុលភាព ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការផ្លាស់ប្តូរប្រជាជននឹងប្រជាជន៕
ប្រែសម្រួល ឈូក បូរ៉ា

To Top