ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តី ទើបជាប់ឆ្នោតរបស់ហុងគ្រី ហៅមហាសេដ្ឋីអាមេរិក George Soros និងប្រធានាធិបតីអ៊ុយក្រែន ជាអ្នកប្រឆាំង

បរទេស៖ លោក Viktor Orban នាយករដ្ឋមន្រ្តីរបស់ប្រទេសហុងគ្រី ដែលទើបនឹងឈ្នះតំណែង ជានាយករដ្ឋមន្ត្រី ក្នុងការបោះឆ្នោត អាណត្តិទី៤ កាលពីថ្ងៃអាទិត្យ បាននិយាយថា គណបក្សរបស់លោក បានទទួលជ័យជម្នះ បើទោះបីជាប្រឈមមុខ នឹងការជ្រៀតជ្រែកពីកងកម្លាំងឆ្វេងនិយម នៅក្នុងស្រុក និង “ពួកប្រឆាំង” នៅជុំវិញពិភពលោក រួមទាំងប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky និងសកម្មជននយោបាយមហាសេដ្ឋី George Soros ក៏ដោយ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Orban បានប្រាប់អ្នកគាំទ្រ កាលពីយប់ថ្ងៃអាទិត្យថា “យើងមានជ័យជម្នះបែបនេះ វាអាចមើលឃើញពីឋានព្រះច័ន្ទ ប៉ុន្តែវាច្បាស់ណាស់ថា វាអាចមើលឃើញពីទីក្រុងប្រ៊ុចសែល”។ លោក Orban បានប្រាប់អ្នកគាំទ្រ កាលពីយប់ថ្ងៃអាទិត្យ ដោយសំដៅទៅលើការប៉ះទង្គិចគ្នា របស់គណបក្សរបស់គាត់ ជាមួយមេដឹកនាំសហភាពអឺរ៉ុប។

លោកថា “យើងនឹងចងចាំពីជ័យជម្នះនេះ រហូតដល់ទីបញ្ចប់ នៃជីវិតរបស់យើង ពីព្រោះយើងត្រូវប្រយុទ្ធ ជាមួយគូប្រជែងដ៏ច្រើនសន្ធឹកសន្ធាប់”។

លោកបាននិយាយថា កងកម្លាំងទាំងនោះមិនត្រឹមតែ រាប់បញ្ចូលទាំងគណបក្សប្រឆាំងផ្ទាល់ របស់ហុងគ្រីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង “ការិយាធិបតេយ្យក្រុងប្រ៊ុចសែល ចក្រភព George Soros ជាមួយនឹងលុយទាំងអស់ – ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ និងនៅទីបញ្ចប់ សូម្បីតែប្រធានាធិបតីអ៊ុយក្រែន ក៏ជាអ្នកប្រឆាំងដែរ។ យើងមិនដែលមានគូប្រជែងច្រើន ដូចពេលនេះនោះទេ»៕ ប្រែសម្រួលៈ ណៃ តុលា

To Top