ព័ត៌មានអន្តរជាតិ

សកម្មភាព និងផែនការ របស់អ៊ីស្រាអែល ប្រឆាំង នឹង ប៉ាឡេស្ទីន នាំឱ្យមានភាព តានតឹង ក្នុងតំបន់កាន់តែខ្លាំង

រ៉ាម៉ាឡា ៖ អ្នកនាំពាក្យប្រធានាធិបតីប៉ាឡេស្ទីន បានព្រមានថា ការកើនឡើងចលនា របស់អ៊ីស្រាអែល ប្រឆាំងនឹងប៉ាឡេស្ទីន នឹងនាំឱ្យមានភាពតានតឹង កាន់តែខ្លាំងនៅក្នុងតំបន់ទាំងមូល នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

ដោយថ្កោលទោសដំណើរទស្សនកិច្ច របស់រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Yair Lapid ទៅកាន់ច្រកទ្វារទីក្រុងដាម៉ាស់ ក្នុងទីក្រុងចាស់ នៃភាគយេរ៉ូសាឡឹមខាងកើត កាលពីថ្ងៃអាទិត្យ លោក Nabil Abu Rudeineh បានឲ្យដឹងនៅក្នុងសេចក្តី ថ្លែងការណ៍មួយថា ដំណើរទស្សនកិច្ចនេះគឺ “គ្មានការទទួលខុសត្រូវ” ។

លោក Abu Rudeineh បានបន្ថែមថា “អាកប្បកិរិយា ដែលកំពុងបន្តរបស់កងទ័ព និងប៉ូលីសអ៊ីស្រាអែល និងសកម្មភាពរបស់អ្នកតាំងលំនៅអ៊ីស្រាអែល គឺជាការបង្កហេតុ” ។

អ្នកនាំពាក្យរូបនេះបានកត់សម្គាល់ថា ការបន្តកើនឡើង របស់អ៊ីស្រាអែល នៅយេរ៉ូសាឡឹមខាងកើត និងការវាយលុក របស់ពួកអ្នកតាំងលំនៅអ៊ីស្រាអែល លើវិហារឥស្លាម Al-Aqsa គឺជា “ការរំលោភយ៉ាងច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់ ដែលបង្ហាញពីការខ្វះខាត ការប្តេជ្ញាចិត្តរបស់អ៊ីស្រាអែល ចំពោះការយល់ដឹង និងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា” ។

កាលពីយប់ថ្ងៃអាទិត្យ សមាគមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជនជាតិប៉ាឡេស្ទីន ១៩នាក់បានរង របួសដោយប៉ូលីសអ៊ីស្រាអែល អំឡុងពេលមានការប៉ះទង្គិចគ្នា នៅខាងក្រៅច្រកទ្វារក្រុងដាម៉ាស់ ក្នុងទីក្រុងយេរ៉ូសាឡឹមខាងកើត បន្ទាប់ពីដំណើរ ទស្សនកិច្ចរបស់លោក Lapid ៕ប្រែសម្រួល ឈូក បូរ៉ា

To Top