ព័ត៌មានអន្តរជាតិ

យន្តហោះដឹកទំនិញ Boeing 757-200 របស់ក្រុមហ៊ុនដឹកជញ្ជូនយក្ស DHL បាក់ជា២កំណាត់ ពេលចុះចតបន្ទាន់

បរទេស៖ យន្តហោះដឹកទំនិញ Boeing 757-200 ដំណើរការដោយក្រុមហ៊ុនដឹកជញ្ជូនយក្ស DHL បានរអិលចេញពីផ្លូវរត់ អំឡុងពេលចុះចតជាបន្ទាន់ នៅអាកាសយានដ្ឋានអន្តរជាតិ Juan Santamaria ក្នុងរដ្ឋធានី San Jose របស់ប្រទេស Costa Rica កាលពីថ្ងៃព្រហស្បតិ៍ ហើយបានបាក់ជាពីរ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា ឧប្បត្តិហេតុនេះត្រូវបានថតតាមវីដេអូ។ យន្តហោះបានបាត់កន្ទុយ ហើយមានផ្សែងហុយ។

 យោងតាមលោក Hector Chaves ប្រធាននាយកដ្ឋានពន្លត់អគ្គីភ័យ បានឱ្យដឹងថា អ្នកបើកយន្តហោះ និងមន្ត្រីទីមួយបានជម្លៀសទៅកាន់ទីសុវត្ថិភាព ហើយបានទទួលរងរបួសតិចតួចប៉ុណ្ណោះ។ 

លោក Luis Miranda Munoz នាយករងអាជ្ញាធរអាកាសចរណ៍ស៊ីវិល របស់ប្រទេសកូស្តារីកា បានប្រាប់អ្នកសារព័ត៌មានថា យន្តហោះកំពុងធ្វើដំណើរទៅកាន់ប្រទេស Guatemala ហើយទំនងជាមានបញ្ហាប្រព័ន្ធទឹក។ ក្រុមហ៊ុន DHL បានចេញសេចក្តីថ្លែងការណ៍មួយ ដោយសន្យាថានឹងមានការស៊ើបអង្កេត៕

ប្រែសម្រួលៈ ណៃ តុលា

To Top