ព័ត៌មានអន្តរជាតិ

សេដ្ឋកិច្ចរបស់អ៊ុយក្រែន នឹងធ្លាក់ចុះជិតពាក់កណ្តាល ដោយសារតែការឈ្លានពាន របស់រុស្ស៊ី

វ៉ាស៊ីនតោន ៖ ធនាគារពិភពលោកបានឲ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេស អ៊ុយក្រែន ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះជិតពាក់កណ្តាលក្នុងឆ្នាំនេះ ដោយសារសកម្មភាព សេដ្ឋកិច្ចបានក្លាយទៅជា មិនអាចទៅរួចនៅក្នុងផ្នែកធំ នៃប្រទេសអឺរ៉ុបខាងកើត ដោយសារតែការលុកលុយរបស់រុស្ស៊ី។

លោកស្រី Anna Bjerde អនុប្រធានធនាគារពិភពលោក ប្រចាំនៅអឺរ៉ុប និងអាស៊ីកណ្តាល បានឲ្យដឹងថា “ការឈ្លានពានរបស់រុស្ស៊ី កំពុងផ្តល់ការវាយលុកយ៉ាងធំ ដល់សេដ្ឋកិច្ចរបស់ប្រទេសអ៊ុយក្រែន ហើយវាបានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់ហេដ្ឋារចនាសម្ព័ន្ធ” ប៉ុន្ដែរដ្ឋាភិបាល អាច បន្ត ដំណើរ ការ ដើម្បីគាំទ្រពលរដ្ឋ របស់ខ្លួន ។

នៅក្នុងការធ្វើបច្ចុប្បន្នភាព សេដ្ឋកិច្ចរបស់ខ្លួន សម្រាប់តំបន់ ធនាគារពិភពលោក បានឲ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសអ៊ុយក្រែន ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះដោយការប៉ាន់ ប្រមាណ ៤៥,១ ភាគរយនៅឆ្នាំនេះ បើទោះបីជាមានការកត់សម្គាល់ថា “ទំហំនៃការធ្លាក់ចុះនេះនឹងអាស្រ័យលើរយៈពេល និងកម្លាំងនៃសង្រ្គាមក៏ដោយ ។

លោកស្រី Bjerde បានប្រាប់អ្នកសារព័ត៌មានថា ការព្យាករណ៍ គឺផ្អែកលើការសន្មត់ថា សង្រ្គាម ដែលបានចាប់ផ្តើមនៅថ្ងៃទី២៤ ខែកុម្ភៈ នឹងបន្តសម្រាប់ “ពីរបីខែទៀត” ឬយ៉ាងណា ។ អ្នកស្រីបានសន្មតថា ការធ្លាក់ចុះនៃទិន្នផល ដែលបានព្យាករណ៍ ក្នុងចំនោមកត្តាផ្សេងទៀត ដែលប៉ះពាល់ដល់ពាណិជ្ជកម្ម ទំនិញយ៉ាងធ្ងន់ធ្ងរចំពេលមានការរំខាននៅក្នុងការដឹកជញ្ជូន តាមផ្លូវសមុទ្រ ផ្លូវអាកាស និងផ្លូវដែក ។

ការប៉ាន់ប្រមាណជាបឋម ចាប់ពីដើមខែមីនា បានបង្ហាញថា ការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវដែក ផ្លូវថ្នល់ និងកំពង់ផែ នឹងកើនឡើងដល់ ១០០ពាន់លានដុល្លារ ប៉ុន្តែតួលេខនេះត្រូវបានគេរំពឹងថា នឹងកើនឡើងដោយសារការបន្ត នៃសង្រ្គាម៕
ប្រែសម្រួល ឈូក បូរ៉ា

To Top