ព័ត៌មានអន្តរជាតិ

ប្រមុខយូអិន សម្ដែងការព្រួយបារម្ភ ចំពោះការកើនឡើង នូវភាពតានតឹង រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន

យូអិន ៖ អ្នកនាំពាក្យឲ្យដឹងថា អគ្គលេខាធិការអង្គការ សហប្រជាជាតិ លោក Antonio Guterres បានសម្តែងការព្រួយបារម្ភ យ៉ាងខ្លាំង ចំពោះការកើនឡើងនាពេលថ្មីៗនេះ នៅក្នុងភាពតានតឹងប៉ាឡេស្ទីន និងអ៊ីស្រាអែល ។

លោក Stephane Dujarric អ្នកនាំពាក្យបានឲ្យដឹងថា “លោកអគ្គលេខាធិការ កំពុងតាមដាន ដោយការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើង នៃអំពើហឹង្សានៅក្នុងទឹកដីប៉ាឡេស្ទីន ដែលកាន់កាប់ដោយអ៊ីស្រាអែល ។ លោកមានការរន្ធត់ចិត្ត ចំពោះចំនួនអ្នកស្លាប់ និងរបួសកើនឡើងខ្ពស់ រួមទាំងស្ត្រី និងកុមារ” ។

លោក Guterres បានរំលឹកឡើងវិញថា កុមារមិនត្រូវជាគោលដៅ នៃអំពើហិង្សា ឬដាក់ក្នុងផ្លូវបង្កគ្រោះថ្នាក់ឡើយ។ អ្នកនាំពាក្យរូបនេះបានបន្ដថា កងកម្លាំងការពារ អ៊ីស្រាអែល ត្រូវតែអនុវត្តការអត់ធ្មត់ជាអតិបរមា និងប្រើប្រាស់កម្លាំងដ៍សាហាវ ជាមធ្យោបាយចុងក្រោយ នៅពេលដែលវាជៀស មិនរួចយ៉ាងតឹងរ៉ឹង ដើម្បីការពារអាយុជីវិត ។

លោក Dujarric បានលើកឡើងថា អង្គការសហប្រជាជាតិ នឹង បន្តធ្វើការជាមួយភាគីទាំងអស់ ដើម្បីកាត់បន្ថយស្ថានការណ៍ កាន់តែធ្ងន់ធ្ងររវាងប្រទេស ទាំងពីរ៕ប្រែសម្រួល ឈូក បូរ៉ា

To Top