ព័ត៌មានអន្តរជាតិ

កងទ័ពអ៊ុយក្រែន នឹងធ្វើការហ្វឹកហាត់ នៅក្នុងប្រទេសអង់គ្លេស

បរទេស៖ មន្ត្រីជាន់ខ្ពស់របស់កងកម្លាំងយោធាអង់គ្លេស លោក James Heappey បានធ្វើការប្រកាសអះអាងកាលពីថ្ងៃអង្គារម្សិលមិញថាប្រទេសអង់គ្លេសនឹងទទួលហ្វឹកហ្វឺន កងកម្លាំងយោធារបស់ប្រទេសអ៊ុយក្រែន នៅក្នុងទឹកដីរបស់ខ្លួន។

លោកបន្តថា៖ កងកម្លាំងរបស់អ៊ុយក្រែនមួយចំនួន នឹងត្រូវធ្វើដំណើរមកដល់ទឹកដីអង់គ្លេស ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ដើម្បីអាចចូលរួមធ្វើការហ្វឹកហាត់ពីរបៀប ធ្វើការជាមួយនឹងសព្វាវុធច្រើនប្រភេទ ដែលអង់គ្លេសគ្រោងនឹងផ្តល់ទៅ ឲ្យប្រទេសអ៊ុយក្រែន។

លោក Heappey បានថ្លែងប្រាប់ក្រុមអ្នកកាសែតរបស់វិទ្យុ LBC Radio ថា៖រថយន្តយោធាបំពាក់អាវុធ បានចំនួន១២០គ្រឿងគឺត្រូវបានរៀបចំរួចជាស្រេច ហើយយោធាអ៊ុយក្រែន នឹងអាចធ្វើការហ្វឹកហាត់ជាមួយនឹងរថយន្តទាំងនេះ នៅពេលដែលពួកគេបានធ្វើដំណើរមកដល់ ប្រទេសអង់គ្លេសប៉ុន្មានថ្ងៃខាងមុខ។

ទោះបីជាយ៉ាងណាក្តី ការហ្វឹកហ្វឹនយោធារបស់អ៊ុយក្រែននៅអង់គ្លេសនេះ គឺមិនមែនជាលើកដំបូងនោះឡើយ ពោលគឺចាប់តាំងតែពីឆ្នាំ២០១៤អង់គ្លេស បានជួយគាំទ្រចំពោះកិច្ចការងារនេះ ជាមួយនឹងយោធាអ៊ុយក្រែន ប្រមាណជា២២០០០នាក់មកហើយ ប៉ុន្តែបែរជាបានផ្អាកទៅវិញ នៅក្នុងខែកុម្ភៈពេលដែលរុស្សី ចាប់ផ្តើមវាយលុកចូលអ៊ុយក្រែន៕ ប្រែសម្រួល៖ស៊ុនលី

To Top