ព័ត៌មានអន្តរជាតិ

ថ្លើមធំ! បុរសម្នាក់ គំរាមសម្លាប់នាយករដ្ឋមន្ត្រីអេស្ប៉ាញ ត្រូវតុលាការកាត់ទោស ជាប់ពន្ធនាគារ ៧ឆ្នាំ

ម៉ាឌ្រីដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ថា តុលាការជាតិរបស់ប្រទេសអេស្បាញ កាលពីថ្ងៃអង្គារ បានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៧ឆ្នាំចំពោះបុរសម្នាក់ដែលបានគម្រាមសម្លាប់នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez ។

លោក Manuel Murillo អាយុ៦៦ឆ្នាំបានបង្ហោះសារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមជាមួយនឹងពាក្យគំរាមកំហែងដល់លោក Sanchez ។

ប៉ូលិសបានឆ្មក់ចូលផ្ទះរបស់លោក Murillo និងរឹបអូសបានអាវុធហាមឃាត់ចំនួន៧ដើម រួមទាំងកាំភ្លើងស្វ័យប្រវត្តិមួយដើមផងដែរ ។

តុលាការបានសម្រេចថា លោក Murillo បានសម្រេចចិត្តថា “ដំណោះស្រាយដើម្បីបង្កើតការផ្លាស់ប្តូរនៅក្នុងស្ថានភាពនយោបាយអេស្ប៉ាញ គឺបណ្តាលឱ្យស្លាប់នាយករដ្ឋមន្រ្តី” ។

ចៅក្រមក៏បានលើកឡើងផងដែរថា “ឃ្លាំងអាវុធដែលរឹបអូសបាន” របស់គាត់គឺជា “កាលៈទេសៈដែលបង្ហាញពីគ្រោះថ្នាក់ខ្ពស់ដែលពាក់ព័ន្ធនឹងការសម្រេចចិត្តដែលត្រូវបានអនុម័តដោយលោក Murillo” ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top