ព័ត៌មានអន្តរជាតិ

នាវាផ្ទុកមីស៊ីលរបស់រុស្ស៊ី រងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការផ្ទុះគ្រាប់ពីខាងក្នុង

បរទេស៖ នាវិកទាំងអស់របស់នាវាផ្ទុកមីស៊ីល ‘Moskva’ ត្រូវបានជម្លៀសចេញ បន្ទាប់ពីការផ្ទុះគ្រាប់ ដែលបង្កឡើងដោយភ្លើងឆេះ។ នេះបើតាមក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ កាលពីយប់ថ្ងៃពុធ ដែលត្រូវបានដកស្រង់ដោយទីភ្នាក់ងារព័ត៌មានរុស្ស៊ីជាច្រើន រួមមាន RIA, TASS និង Interfax ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា តាមសេចក្តីរាយការណ៍ យោធារុស្ស៊ីបាននិយាយថា នាវាផ្ទុកមីស៊ីលនេះបានទទួលរង “ការខូចខាតយ៉ាងធ្ងន់ធ្ងរ” ដោយបន្ថែមថា មូលហេតុនៃការឆេះនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត។ 

យ៉ាងណាក៏ដោយ ក្រសួងការពារជាតិរុស្ស៊ី មិនទាន់បញ្ជាក់អំពីឧបទ្ទវហេតុនេះ នៅលើគេហទំព័រផ្លូវការរបស់ខ្លួន ឬចែករំលែកព័ត៌មានលម្អិតបន្ថែមនោះទេ។ នាវាផ្ទុកមីស៊ីលប្រភេទ Atlant-class ដែលបានផ្តើមប្រតិបត្តិការក្នុងឆ្នាំ ១៩៧៩ ត្រូវបានបំពាក់ដោយមីស៊ីលប្រឆាំងនាវាចំនួន ១៦ដើម និង មីស៊ីលការពារដែនអាកាសជាច្រើន, គ្រាប់ torpedo និងកាំភ្លើង។ វាគឺជាផ្នែកមួយនៃកងនាវាចរនៅសមុទ្រខ្មៅ ហើយបានចូលរួមក្នុងប្រតិបត្តិការ នៅឆ្នេរសមុទ្រអ៊ុយក្រែនចាប់តាំងពីខែកុម្ភៈ៕ ប្រែសម្រួលៈ ណៃ តុលា

To Top