ព័ត៌មានអន្តរជាតិ

មន្ទីរបញ្ចកោណ បង្ហាញបញ្ជីសព្វាវុធ ដែលនឹងបញ្ជូនឱ្យអ៊ុយក្រែន ក្នុងនោះមាន រថយន្តពាសដែក Humvee ១០០គ្រឿង និងឧទ្ធម្ភាគចក្រ Mi-17 ចំនួន ១១គ្រឿង

បរទេស៖ មន្ទីរបញ្ចកោណអាមេរិក បានបង្ហាញកាលពីថ្ងៃពុធថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន កំពុងពង្រីកការចែកចាយសព្វាវុធទៅកាន់ប្រទេសអ៊ុយក្រែន ដោយរួមបញ្ចូលកាំភ្លើងធំ រថពាសដែក និងឧទ្ធម្ភាគចក្រ។ 

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Joe Biden បានបញ្ចូលទឹកប្រាក់ចំនួន ២,៦ ពាន់លានដុល្លារ ជាអាវុធដែលលោកបានផ្គត់ផ្គង់ដល់ទីក្រុងគៀវ ចាប់តាំងពីខែកុម្ភៈ ជាមួយនឹងការកម្ចាត់នូវអ្វីដែលលោកហៅថា ផែនការរបស់រុស្ស៊ីដើម្បី “ដណ្តើមយក និងគ្រប់គ្រង” អ៊ុយក្រែន។ 

លោក Biden បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយសេតវិមាន បន្ទាប់ពីការហៅទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyថា “ការផ្គត់ផ្គង់អាវុធឥតឈប់ឈរ ដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួនបានផ្តល់ដល់អ៊ុយក្រែន គឺជាកត្តាសំខាន់ក្នុងការទ្រទ្រង់ការតស៊ូ ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ វាបានជួយធានាថា លោក Putin បានបរាជ័យក្នុងសង្គ្រាមដំបូង របស់លោកក្នុងគោលបំណង ដណ្តើមយកនិងគ្រប់គ្រងអ៊ុយក្រែន។ យើងមិនអាចបន្ធូរដៃបានទេ” ។

លោក Biden បាននិយាយថា បន្ថែមពីលើមីស៊ីលប្រឆាំងរថក្រោះ Javelin ដែលបាញ់ពីលើស្មារ និងកាំជ្រួចប្រឆាំងយន្តហោះ Stinger ដែលមានប្រសិទ្ធភាពខ្ពស់, អាមេរិកនឹងបញ្ជូន “សមត្ថភាពថ្មីដែលសមស្របទៅនឹងផែនការវាយលុក កាន់តែទូលំទូលាយ” ដែលខ្លួនរំពឹងថា កងកម្លាំងរុស្ស៊ីនឹងចាប់ផ្តើមវាយប្រហារ នៅភាគខាងកើតអ៊ុយក្រែន។ 

មន្ទីរបញ្ចកោណនៅរសៀលថ្ងៃពុធ បានផ្តល់ព័ត៌មានលម្អិតមួយចំនួន អំពីជំនួយថ្មី ដែលមានតម្លៃ ៨០០ លានដុល្លារ – ហើយប្រហែល ៥០ លានដុល្លារ ច្រើនជាងការប៉ាន់ស្មាននៅក្នុងការលេចធ្លាយ ដល់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃអង្គារ។ បន្ថែមពីលើមីស៊ីលបាញ់រថក្រោះ Javelins ចំនួន ៥០០ដើម និងយន្តហោះពិឃាត គ្មានមនុស្សបើក Switchblade kamikaze ចំនួន ៣០០ គ្រឿង សហរដ្ឋអាមេរិក គ្រោងនឹងបញ្ជូនកាំភ្លើងបាញ់គ្រាប់បែក 18 155 មីលីម៉ែត្រ និងគ្រាប់ចំនួន ៤០ ០០០ គ្រាប់ ព្រមទាំងរ៉ាដាប្រឆាំងកាំភ្លើងធំចំនួន ១០ គ្រឿង, រ៉ាដាឃ្លាំមើលដែនអាកាសចំនួន២ , រថយន្តពាសដែកដឹកទាហានជាច្រើនគ្រឿង , រថយន្តពាសដែក Humvee ១០០គ្រឿង និងឧទ្ធម្ភាគចក្រ Mi-17 ចំនួន ១១គ្រឿង៕ ប្រែសម្រួលៈ ណៃ តុលា

To Top