ព័ត៌មានអន្តរជាតិ

មធ្យោបាយ ជាមូលដ្ឋាន ក្នុងការដោះស្រាយ វិបត្តិមនុស្សធម៌ នៅអ៊ុយក្រែន គឺត្រូវបញ្ចប់ជម្លោះ ឱ្យបានឆាប់

ប៉េកាំង៖ តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិនប្រចាំនៅអង្គការសហប្រជាជាតិ លោក Zhang Jun បានឲ្យដឹងថា មធ្យោបាយជាមូលដ្ឋានក្នុងការដោះស្រាយវិបត្តិមនុស្សធម៌នៅអ៊ុយក្រែន គឺត្រូវបញ្ចប់ជម្លោះឱ្យបានឆាប់។

លោក Zhang បានប្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ ស្តីពីបញ្ហាមនុស្សធម៌របស់អ៊ុយក្រែនថា “យើងអំពាវនាវឱ្យរុស្ស៊ី និងអ៊ុយក្រែន ប្រកាន់ខ្ជាប់នូវទិសដៅទូទៅនៃការសន្ទនា និងការចរចា បង្រួមការខ្វែងគំនិតគ្នាជាបន្តបន្ទាប់ និងប្រមូលលក្ខខណ្ឌ សម្រាប់បទឈប់បាញ់” ។

ស្តីពីការការពារជនស៊ីវិល លោក Zhang បានលើកឡើងថា រាល់កិច្ចខិតខំប្រឹងប្រែងត្រូវតែធ្វើឡើងដើម្បីកាត់បន្ថយគ្រោះថ្នាក់ដល់ជនស៊ីវិលដែលបណ្តាលមកពីជម្លោះ។

បេសកជនរូបនេះបានបន្ដថា “ប្រទេសចិនអំពាវនាវជាថ្មីម្តងទៀតដល់ភាគីទាំងអស់នៃជម្លោះឱ្យអនុវត្តការអត់ធ្មត់ជាអតិបរមា គោរពយ៉ាងតឹងរ៉ឹងចំពោះច្បាប់មនុស្សធម៌អន្តរជាតិ ការពារជនស៊ីវិល និងគ្រឿងបរិក្ខារស៊ីវិល និងជួយសម្រួលដល់ការជម្លៀស និងប្រតិបត្តិការជំនួយមនុស្សធម៌”។

លោកបានបន្ថែមថា “ភាគីពាក់ព័ន្ធគួរតែពង្រឹងទំនាក់ទំនងលើបញ្ហាមនុស្សធម៌ ហើយធ្វើការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការលើបញ្ហាដូចជា ការបើកច្រករបៀងមនុស្សធម៌ និងរៀបចំការជម្លៀសបុគ្គលិកប្រកបដោយសុវត្ថិភាព”៕ប្រែសម្រួល ឈូក បូរ៉ា

To Top