ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីអង់គ្លេស ទទួលស្គាល់ថា ប្រទេសលោកខាងលិច អាចនឹងចាញ់សង្គ្រាម នៅអ៊ុយក្រែន

បរទេស ៖ មាន “លទ្ធភាពជាក់ស្តែង” ដែលកងកម្លាំងរុស្ស៊ីអាច “ឈ្នះ” សង្គ្រាមនៅអ៊ុយក្រែន ហើយថា ជម្លោះនៅក្នុងរដ្ឋអឺរ៉ុប ខាងកើតអាចអូសបន្លាយ “រយៈពេលយូរ” ។ នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានទទួលស្គាល់បែបនេះ កាលពីថ្ងៃសុក្រ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងអំឡុងសន្និសីទសារព័ត៌មាន នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា អ្នកសារព័ត៌មានអង់គ្លេស បានសួរ លោក Johnson ថាតើលោកយល់ស្រប នឹងការវាយតម្លៃ ចារកម្ម លោកខាងលិចដែលថា សកម្មភាពយោធា នៅក្នុងប្រទេសអ៊ុយក្រែន អាចបន្តរហូតដល់ចុងឆ្នាំ ២០២៣ និងបញ្ចប់ដោយជ័យជំនះ សម្រាប់រុស្ស៊ីដែរឬទេ ។ នាយករដ្ឋមន្ត្រីអង់គ្លេស បានទទួលស្គាល់ថា សេចក្តីថ្លែងការណ៍ទាំងពីរនេះ អាចនឹងក្លាយទៅជាការពិត ។

ដោយថ្លឹងថ្លែងលើឱកាសរបស់រុស្ស៊ីក្នុងការ ‘ឈ្នះ’, លោក Boris Johnson បាននិយាយថា “ខ្ញុំគិតថា អ្វីដែលគួរឱ្យសោកសៅនោះគឺជាលទ្ធភាពជាក់ស្តែង” ។

ដោយនិយាយថា លោក វ្ល៉ាឌីមៀ ពូទីន “មានកងទ័ពដ៏ច្រើន” នាយករដ្ឋមន្ត្រីអង់គ្លេស បានអះអាងថា ប្រធានាធិបតីរុស្ស៊ី “មានជំហរនយោបាយ ដ៏លំបាកមួយ ពីព្រោះគាត់បានធ្វើកំហុស ដ៏មហន្តរាយ” ។ លោកមិនបានបញ្ជាក់ថា លោកចង់សំដៅទៅលើពាក្យ «កំហុស»នោះទេ ប៉ុន្តែលោកទំនងជាសំដៅ ទៅលើការវាយប្រហារយោធា លើអ៊ុយក្រែន ៕

ប្រែសម្រួលៈ ណៃ តុលា

To Top