ព័ត៌មានអន្តរជាតិ

ស្វីស ច្រានចោលគម្រោង របស់អាល្លឺម៉ង់ ក្នុងការបញ្ជូនអាវុធ ទៅឱ្យអ៊ុយក្រែន

បរទេស៖ ប្រទេសស្វីសបានចោទប្រកាន់ថា បានរារាំងផែនការរបស់ប្រទេសអាល្លឺម៉ង់ក្នុងការនាំចេញឡើងវិញ នូវគ្រាប់រំសេវ ដែលផលិតនៅក្នុងប្រទេសស្វីស ទៅកាន់អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយ របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក កាលពីថ្ងៃអាទិត្យដោយដកស្រង់មន្រ្តីលេខាធិការដ្ឋាន កិច្ចការសេដ្ឋកិច្ច របស់ប្រទេស (Seco) ។ ប្រទេសស្វីសបានលើកឡើងពីស្ថានភាពអព្យាក្រឹត និងច្បាប់របស់ខ្លួន ក្នុងការហាមឃាត់ការចែកចាយអាវុធទៅកាន់តំបន់ជម្លោះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា ការពិតដែលថា ក្រុមហ៊ុនផលិតរថយន្ត និងសព្វាវុធ Rheinmetall ដែលមានមូលដ្ឋាននៅទីក្រុង Dusseldorf ដែលផលិតរថយន្តប្រយុទ្ធ Marder (IFVs) សម្រាប់កងទ័ពអាល្លឺម៉ង់ ប្រើប្រាស់គ្រាប់រំសេវ ដែលផលិតនៅប្រទេសស្វីស បានលេចចេញជារូបរាង ជាឧបសគ្គចំពោះផែនការចុងក្រោយបង្អស់ របស់ទីក្រុងប៊ែរឡាំង ក្នុងការផ្គត់ផ្គង់គ្រាប់រំសេវដល់ទីក្រុងគៀវ។

Seco បានបញ្ជាក់ប្រាប់កាសែតស្វ៊ីស Sonntags Zeitung កាលពីថ្ងៃអាទិត្យថា “Seco បានទទួលសំណើពីរពីប្រទេសអាល្លឺម៉ង់ ដើម្បីបញ្ជូនគ្រាប់រំសេវ ដែលបានទទួលពីមុនពីប្រទេសស្វីស ទៅកាន់អ៊ុយក្រែន” ។ សំណើទាំងពីរ “ត្រូវបានច្រានចោលដោយយោងទៅលើអព្យាក្រឹតភាពរបស់ប្រទេសស្វីស និងលក្ខណៈវិនិច្ឆ័យ នៃការបដិសេធដែលមានព្រំដែននៃច្បាប់ស្តីពីឧបករណ៍យោធា” ។ នេះបើតាមអាជ្ញាធរស្វីសបានបន្ថែម។

សូមជម្រាបថា ច្បាប់របស់ប្រទេសស្វីសទាមទារ ឱ្យរដ្ឋាភិបាលទីក្រុង Bern ផ្តល់ការយល់ព្រមរបស់ខ្លួន ចំពោះការនាំចេញអាវុធឡើងវិញ និងហាមឃាត់ការចែកចាយអាវុធទៅកាន់តំបន់ជម្លោះ។ ប្រទេសស្វីសបានចូលរួម ក្នុងការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ី នៅក្នុងការចាកចេញដ៏កម្រមួយ ពីគោលនយោបាយអព្យាក្រឹតភាព ដ៏តឹងរឹងរបស់ខ្លួន បន្ទាប់ពីទីក្រុងមូស្គូបានចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួន ក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែប្រទេសនេះនៅតែប្រកាន់ជំហរអព្យាក្រឹតភាពរបស់ខ្លួន នៅពេលនិយាយអំពីជំនួយយោធា ណាមួយដល់អ៊ុយក្រែន៕ ប្រែសម្រួលៈ ណៃ តុលា

To Top