ព័ត៌មានអន្តរជាតិ

ផ្តន្ទាទោសជនជាតិរុស្ស៊ី ២នាក់ និងអ៊ុយក្រែនម្នាក់ ដាក់គុកម្នាក់ៗពី ២០-៣០ឆ្នាំ ពាក់ព័ន្ធការផលិត ដឹកជញ្ជូន និងជួញដូរគ្រឿងញៀនជាង ២០គីឡូក្រាម នៅកម្ពុជា

ភ្នំពេញ ៖ លោកសេង រិទ្ធី ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០២២ បានប្រកាសសាលក្រម ផ្តន្ទាទោសជនជាប់ចោទ ជនជាតិរុស្ស៊ី ចំនួន ២នាក់ និង អ៊ុយក្រែនម្នាក់ ដាក់គុកក្នុងម្នាក់ៗ ពី ២០ ទៅ៣០ឆ្នាំ ពាក់ព័ន្ធនឹងការផលិត ដឹកជញ្ជូន ជួញដូរគ្រឿងញៀនជាង២០គីឡូក្រាម ប្រព្រឹត្តនៅក្នុងសង្កាត់ចោមចៅ ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីចន្លោះ ឆ្នាំ ២០១៧ និង ២០២០។

លោកចៅក្រម សេង រិទ្ធី បានថ្លែងអោយដឹងនៅក្នុងសវនាការថា ជនជាប់ចោទទាំង៣នាក់ មានឈ្មោះ ទី ១-ឈ្មោះ EVGENY KARAS ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិ រុស្ស៊ី និង ទី ២-ឈ្មោះ DMITRIY KARAS ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិរុស្ស៊ី ។ អ្នកទាំងពីរ ត្រូវជាប់គុក ក្នុងម្នាក់ៗ កំំណត់ ៣០ឆ្នាំ និង ពិន័យជាប្រាក់បង់ចូលថវិការដ្ឋម្នាក់ៗចំនួន៦០លានរៀល។

ចំណែកឯ ជនជាប់ចោទទី៣ មានឈ្មោះ BONDARBNKO KARYNA ភេទស្រី អាយុ២១ឆ្នាំ ជាជនជាតិ អ៊ុយក្រែន ត្រូវជាប់គុក កំណត់ ២៥ឆ្នាំ និង ពិន័យជាប្រាក់ចំនួន៤០លានរៀលបង់ចូលថវិការដ្ឋ ។

ពួកគេទាំង៣នាក់ ត្រូវបានជាប់ចោទពីបទ “ផលិត ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន” ប្រព្រឹត្ត នៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៧ រហូតដល់ថ្ងៃទី១៥ ខែកញ្ញាឆ្នាំ២០២០ តាមបញ្ញត្តិ តាមមាត្រា៤៧ មាត្រា៤២ និងមាត្រា៤៨ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

ពួកគេត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី២១ ខែ ខែ កញ្ញា ឆ្នាំ ២០២០ នៅ
សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ រឹបអូស បាន ថ្នាំញៀន ចំនួនជាង២៥ គីឡូក្រាម ពីពួកគេ៕

ដោយ: លីហ្សា

To Top