ព័ត៌មានអន្តរជាតិ

បទវិភាគ៖ ជោគវាសនារបស់អឺរ៉ុប ត្រូវក្តាប់ក្នុងដៃរបស់អឺរ៉ុប ខ្លួនឯង

ថ្ងៃទី២៤ខែមេសា តាមម៉ោងក្នុងតំបន់ លោកMacronប្រធានាធិបតីបារាំងបច្ចុប្បន្នបានជាប់ឆ្នោតជាប្រធានាធិបតីអាណត្តិថ្មីម្ដងទៀត ។ ក្នុងនាមជាប្រទេសស្នូលរបស់សហភាពអឺរ៉ុប ប្រទេសបារាំងជាកម្លាំងដ៏សំខាន់ក្នុងការជំរុញសមាហរណកម្មអឺរ៉ុប និងប្រកាន់ខ្ជាប់នូវភាពម្ចាស់ការខាងយុទ្ធសាស្ត្រ។ ក្នុងបរិបទដែលទ្វីបអឺរ៉ុបផ្ទុះសង្គ្រាមឡើងវិញ លោកMacronបានជាប់ឆ្នោតជាប្រធានាធិបតីបារាំងម្តងទៀតបានទទួលការយកចិត្តទុកដាក់ជាពិសេស។

ក្នុងឯកសារកម្មវត្ថុសម្រាប់ឃោសនារកសំឡេងលើកនេះ លោកMacronបានលើកឡើងថា នឹងបន្តគោលនយោបាយអាណត្តិដំបូង ដើម្បីបង្កើតជាប្រទេសដែលកាន់តែឯករាជ្យ។ ចំណុចនេះបានធ្វើឱ្យលោកទទួលបានការគាំទ្រ ប៉ុន្តែវាក៏ជាបញ្ហាមួយដែលលោកMacronប្រឈមមុខក្រោយពីបានជាប់ឆ្នោតឡើងវិញផងដែរ ។ វាបានបង្ហាញឱ្យឃើញយ៉ាងច្បាស់នូវការខ្វែងគំនិតខាងផលប្រយោជន៍ក្នុងការដោះស្រាយបញ្ហាអ៊ុយក្រែនជាមួយអាមេរិក ។

ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន គឺជាវិបត្តិធ្ងន់បំផុតដែលអឺរ៉ុបកំពុងប្រឈមមុខក្រោយពីសង្គ្រាមលោកលើកទី២ ។ ក្រោមការញុះញង់របស់អាមេរិក អឺរ៉ុបបានដាក់ទណ្ឌកម្មកាន់តែខ្លាំងឡើងៗដល់រុស្ស៊ីឥតឈប់ឈរ កម្លាំងប្រតិកម្មដែលខ្លួនរងគ្រោះក៏កំពុងលេចចេញពីមួយថ្ងៃទៅមួយថ្ងៃផងដែរ ។ តាមទិន្នន័យស្ថិតិរបស់សហភាពអឺរ៉ុបបង្ហាញឱ្យឃើញថា អត្រាអតិផរណានៃតំបន់ប្រើប្រាស់ប្រាក់អឺរ៉ូក្នុងខែមីនាបានបំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រ ពោលគឺឡើងដល់៧.៤ភាគរយ ។ អត្រាអតិផរណារបស់ប្រទេសមួយចំនួនរហូតដល់បានឡើងដល់១៥.៦ភាគរយ ដែលបណ្តាលឱ្យប្រជាជនអឺរ៉ុបត្អូញត្អែរមិនឈប់ ។

ការនេះបង្ហាញឱ្យឃើញថា ក្រោមការចាប់ពង្រត់ពីប្រទេសអាមេរិក អឺរ៉ុបបានក្លាយជាអ្នករងគ្រោះខ្លាំងក្នុងការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន ។ ចំណែកឯប្រទេសអាមេរិកដែលជាអ្នកបង្ករឿងនៃវិបត្តិអ៊ុយក្រែន បែរជាកំពុងឱបដៃឈរមើលនៅម្ខាង ហើយអង្គុយទទួលផលប្រយោជន៍ អាមេរិកមិនត្រឹមតែឆ្លៀតឱកាសឆក់យកផលចំណេញនិងដាក់សម្ពាធទៅលើរុស្ស៊ីប៉ុណ្ណោះទេ ថែមទាំងក៏ប្រើអន្ទាក់អ៊ុយក្រែន មកធ្វើឱ្យអឺរ៉ុបកាន់តែពឹងផ្អែកទៅលើអាមេរិកនិងធ្វើតាមអាមេរិកទៀតផង។

ផ្ទាំងពាណិជ្ជកម្ម

ដោយសារហេតុនេះ សម្រែករបស់អឺរ៉ុបដែលអំពាវនាវឱ្យអឺរ៉ុបរំដោះចេញពីការពឹងផ្អែកជាយុទ្ធសាស្ត្រទៅលើអាមេរិកកាន់តែលាន់ឮខ្ទរខ្ទារៗ ។ នៅខែមីនា សហភាពអឺរ៉ុបបានដាក់ចេញនូវ«ផែនការត្រីវិស័យយុទ្ធសាស្ត្រ»មួយច្បាប់ ដោយលើកឡើងថា នឹងបង្កើតជាកម្លាំងយោធាអឺរ៉ុបដែលមានភាពខុសគ្នានឹងអង្គការណាតូ បង្កើតក្របខ័ណ្ឌសន្តិសុខរបស់អឺរ៉ុបខ្លួនឯង គឺបង្ហាញទិសដៅធ្វើការខិតខំសម្រាប់ឆ្ពោះទៅរកគោលដៅនេះ ។

ក្នុងវិស័យនេះ អឺរ៉ុបអាចធ្វើកាន់តែច្រើន។ ឧទាហរណ៍ដូចជា ក្នុងទំនាក់ទំនងជាមួយប្រទេសចិន អឺរ៉ុបត្រូវរក្សាខួរគិតច្បាស់លាស់ ហើយមានការយល់ដឹងប្រកបដោយវិចារណញ្ញាណចំពោះប្រទេសចិន ។នៅពេលថ្មីៗនេះ លោកស្រីShermanអនុរដ្ឋមន្ត្រីការបរទេសអចិន្ត្រៃយ៍របស់អាមេរិកបានបំពេញទស្សនកិច្ចនៅសហភាពអឺរ៉ុប ប្រើអ្វីដែលហៅថា ការសន្ទនាស្តីពីប្រធានបទប្រទេសចិនរវាងអាមេរិកនិងអឺរ៉ុប ដើម្បីមួលបង្កាច់ប្រទេសចិន និយាយត្រង់គឺមានចេតនាចង់លេងកលល្បិចបង្ខូចអឹរ៉ុប រុស្ស៊ីនិងប្រទេសចិន ដើម្បីគាំពារសន្តិសុខដាច់ខាតនិងអនុត្តរភាពដាច់ខាតរបស់ខ្លួន ។ នេះជាអន្ទាក់អាមេរិកដែលបានបង្កើតម្ដងមួយជំហានៗ អឺរ៉ុបត្រូវតែសង្កេតមើលឱ្យច្បាស់។

ជោគវាសនារបស់អឺរ៉ុបត្រូវក្តាប់ក្នុងដៃរបស់អឺរ៉ុបខ្លួនឯង ។ ការសច្ចាប្រណិទានរបស់លោកMacronស្តីពីភាពម្ចាស់ការខាងយុទ្ធសាស្ត្ររបស់អឺរ៉ុបគួរអនុវត្តក្នុងពេលឆាប់ៗ។ពិភពលោកត្រូវការអឺរ៉ុបដែលមានភាពម្ចាស់ការខាងយុទ្ធសាស្ត្រ អឺរ៉ុបក៏ត្រូវបំពេញបន្ថែមនូវភាពនឹងនរនិងភាពប្រាកដប្រជាកាន់តែច្រើនដល់ពិភពលោកដែលកំពុងស្ថិតក្នុងភាពច្របូកច្របល់និងប្រែប្រួលផងដែរ ៕

Hi

To Top