ព័ត៌មានអន្តរជាតិ

អាមេរិកថា វាអាស្រ័យលើអ៊ុយក្រែន ដើម្បីសម្រេចចិត្ត វាយប្រហារទៅលើរុស្ស៊ី

បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានប្រាប់ព្រឹទ្ធសភាកាលពីថ្ងៃពុធថា វាអាស្រ័យលើអ៊ុយក្រែនក្នុងការសម្រេចចិត្ត ថាតើត្រូវពង្រីកជម្លោះជាមួយរុស្ស៊ី ហួសពីព្រំដែន របស់ពួកគេឬអត់។
ការអត្ថាធិប្បាយរបស់លោក Antony Blinken បានកើតឡើងបន្ទាប់ពីទីក្រុងម៉ូស្គូ បានថ្កោលទោស មន្ត្រីជាន់ខ្ពស់ អង់គ្លេស ដែលបាននិយាយថា វានឹង “ស្របច្បាប់” សម្រាប់ទីក្រុងគៀវ ក្នុងការប្រើប្រាស់អាវុធ ដែលផ្គត់ផ្គង់ដោយអង្គការណាតូ ដើម្បីវាយប្រហារទឹកដីរុស្ស៊ី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Blinken កាលពីល្ងាចថ្ងៃពុធថា “យើងប្តេជ្ញាថានឹងឱ្យពួកគេនូវអ្វីដែលពួកគេត្រូវការ ដើម្បីដោះស្រាយជាមួយនឹងការឈ្លានពានរបស់រុស្ស៊ី និងដើម្បីរុញច្រានរុស្ស៊ី ចេញពីប្រទេស។ វាជាបញ្ហាមួយទៀតថាតើអ៊ុយក្រែន គួរតែចាត់វិធានការដែលហួសពី ព្រំដែនរបស់ពួកគេឬអត់?

លោកបន្ថែមថា «ទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំគឺថា វាសំខាន់ណាស់ដែលពួកគេ ធ្វើអ្វីគ្រប់យ៉ាងដែលចាំបាច់ ដើម្បីការពារប្រឆាំងនឹងការ ឈ្លានពានរបស់រុស្ស៊ី ហើយមធ្យោបាយនេះ គឺជាការសម្រេចចិត្តរបស់ពួកគេ ប៉ុន្តែអ្វីដែលយើងកំពុងធ្វើជាមួយនឹង ប្រព័ន្ធទាំងអស់នេះ គឺធ្វើឱ្យប្រាកដថា អ៊ុយក្រែន មានមធ្យោបាយការពារខ្លួន។ នោះហើយជាអ្វីដែលនិយាយអំពី ហើយធ្វើឱ្យប្រាកដថា ពួកគេអាចធ្វើអ្វីដែលចាំបាច់ ដើម្បីរុញច្រានរុស្ស៊ី ចេញពីប្រទេស»៕

ប្រែសម្រួលៈ ណៃ តុលា

To Top