ព័ត៌មានអន្តរជាតិ

បំផ្ទុះគ្រាប់បែក២ដង នៅខេត្តភាគខាងជើង អាហ្វហ្គានីស្ថាន បណ្តាលឲ្យស្លាប់តិចបំផុត ៩នាក់និងរបួស១៣នាក់

អាហ្វហ្គានីស្ថាន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ថា អ្នកនាំពាក្យប៉ូលិស បានបញ្ជាក់ថា យ៉ាងហោចណាស់ ជនស៊ីវិល៩នាក់ បានស្លាប់ និង១៣នាក់ផ្សេងទៀត បានរងរបួស នៅក្នុងពេលមាន ការបំផ្ទុះគ្រាប់បែក២ដង កាលពីថ្ងៃព្រហស្បតិ៍ នៅ Mazar-i-Sharif រដ្ឋធានីនៃខេត្ត Balkh ភាគខាងជើងអាហ្វហ្គានីស្ថាន ។

អ្នកនាំពាក្យ Mohammad Asif Waziri បានប្រាប់ដល់ស៊ិនហួថា “ការបំផ្ទុះបានកើតឡើង ក្នុងពេលដ៏ខ្លីមួយ នៅម៉ោង៧និង០០នាទីល្ងាច ម៉ោងក្នុងស្រុក នៅស្រុក Police District (PD) 3និង PD 10” ។

គាត់បាននិយាយថា ការបំផ្ទុះលើកដំបូង នៅឯចំណតរថយន្ត ដឹកអ្នកដំណើរ១គ្រឿង ទន្ទឹមនឹងនោះដែរ លើកទី២ គឺកើតឡើងក្នុងរយៈពេល១០នាទីក្រោយមក នៅទីតាំងមួយដាច់ដោយឡែកពីនេះ ។

ជាធម្មតា ការបំផ្ទុះគ្រាប់បែក មិនត្រូវបានគេដឹងភ្លាមៗនោះទេ ប្រភពបាននិយាយដូច្នេះ ដោយបានបន្ថែមថា ការស៊ើបអង្កេតត្រូវបានធ្វើឡើង ដើម្បីដឹងច្បាស់ពីឧប្បត្តិហេតុនេះ ។

រហូតមកដល់ពេលនេះ មិនទាន់មានក្រុមណាមួយ អះអាងទទួលខុសត្រូវ លើការបំផ្ទុះគ្រាប់បែកនេះ នៅឡើយទេ ។

គួររំលឹកថា កាលពីថ្ងៃសុក្រ មនុស្សចំនួន៣៣នាក់បានស្លាប់ និង៤៣នាក់ផ្សេងទៀត បានរងរបួស បន្ទាប់ពីមានការបំផ្ទុះគ្រាប់ បែកមួយនៅឯព្រះវិហារមួយកន្លែង នៅខេត្តជិតនេះ គឺខេត្ត Kunduz ៕

To Top