ព័ត៌មានអន្តរជាតិ

សហភាព​អឺរ៉ុប​ អំពាវនាវ​ឲ្យ​មាន​ការ​អត់ធ្មត់ ​របស់​ពលរដ្ឋ​អាល់បានី ​ជុំវិញ​ការ​ធ្វើ​សមាហរណកម្ម​សហភាព​អឺរ៉ុប

ព្រុចសែល៖ ស្នងការសម្រាប់ប្រទេសជិតខាង និងការពង្រីកសហភាពអឺរ៉ុបលោក Oliver Varhelyi បានអំពាវនាវឱ្យប្រជាជនអាល់បានី មានការអត់ធ្មត់ ចំពោះដំណើរការនៃសមាហរណកម្មរបស់ប្រទេសជាមួយសហភាពអឺរ៉ុប។

លោក Varhelyi បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្ត្រីអាល់បានីលោក Edi Rama ឲ្យដឹងថា “យើងពិតជាកោតសរសើរ ចំពោះការអត់ធ្មត់របស់អាល់បានី ហើយយើងសុំឱ្យមានការអត់ធ្មត់បន្តិចពីខាងអាល់បានី ក្នុងគោលបំណង ដើម្បីសម្រេចបាននូវចំណុចនេះក្នុងអំឡុងពេលប្រធានាធិបតីបារាំងកាន់តំណែង” ។

នៅក្នុងសុន្ទរកថារបស់លោក មន្ត្រីសហភាពអឺរ៉ុបបានសង្កត់ធ្ងន់ថា សមាហរណកម្ម គឺអំពីសន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់បាល់កង់ខាងលិច នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Varhelyi បានបន្ថែមថា “យើងត្រូវតែប្រើប្រាស់អ្វីគ្រប់យ៉ាង ដែលយើងអាចធ្វើបាន ដើម្បីធ្វើឱ្យមានស្ថិរភាពនៅតំបន់បាល់កង់ខាងលិច។ ដំណើរការសមាហរណកម្មទាំងមូល គឺអំពីសន្តិសុខ និងស្ថិរភាព នៅក្នុងតំបន់បាល់កង់ខាងលិច។ នោះហើយជាមូលហេតុ ដែលខ្ញុំមិនអាចផ្តល់ពេលវេលាដល់អ្នកដែលពាក់ព័ន្ធក្នុងការធ្វើអ្វីដែលពួកគេមិនគួរធ្វើ”។

លោក Varhelyi បានស្នាក់នៅទីក្រុង Tirana បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ភាគខាងជើងនៃប្រទេស Macedonia និង Bulgaria ។ យោងតាមលោក ការពន្យារពេលក្នុងការចាប់ផ្តើមការចរចាសមាជិកភាពសហភាពអឺរ៉ុបជាមួយអាល់បានី និងភាគខាងជើងម៉ាសេដូនៀ កំពុងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ និងការជឿទុកចិត្តរបស់ខ្លួន៕ប្រែសម្រួល ឈូក បូរ៉ា

To Top