Covid-19

ប្រទេសដាណឺម៉ាក បានក្លាយជាប្រទេសដំបូងគេ ក្នុងពិភពលោក ដែលផ្អាកការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-19 ដល់ប្រជាជន

បរទេស៖ ប្រទេសដាណឺម៉ាក បានក្លាយជាប្រទេសដំបូងគេ ក្នុងពិភពលោកដែលផ្អាកការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-19 របស់ខ្លួន ខណៈដែលមន្ត្រីចង្អុលបង្ហាញ ពីភាពស៊ាំកាន់តែខ្លាំងឡើង ក្នុងចំណោមប្រជាជន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា អាជ្ញាធរសុខាភិបាលដាណឺម៉ាក បានប្រកាសពីវិធានការផ្អាកនេះ នៅដើមសប្តាហ៍នេះ ដោយនិយាយថា ដោយសារការចាក់ថ្នាំបង្ការ និងការជាសះស្បើយពីការឆ្លងមេរោគធម្មជាតិ “ភាពស៊ាំសហគមន៍សរុប របស់ប្រជាជនគឺខ្ពស់” ហើយថាកម្មវិធីចាក់វ៉ាក់សាំង នឹងត្រូវបន្ថយបន្ថិចម្តងក្នុងរយៈពេល ប៉ុន្មានសប្តាហ៍ខាងមុខនេះ។

ទីភ្នាក់ងារនេះបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “រដូវផ្ការីកបានមកដល់ ការគ្របដណ្តប់របស់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ទៅលើប្រជាជនដាណឺម៉ាក មានកម្រិតខ្ពស់ ហើយការរីករាលដាលបានថយចុះខ្លាំង” ។ ដូច្នេះហើយ ក្រុមប្រឹក្សាសុខភាពជាតិឥឡូវនេះ កំពុងបញ្ចប់កិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំង យ៉ាងទូលំទូលាយប្រឆាំងនឹង Covid-19 សម្រាប់រដូវកាលនេះ»។

អ្នកដែលមានបំណង ចង់បញ្ចប់ការចាក់វ៉ាក់សាំង ជាបន្តបន្ទាប់នឹងអាចធ្វើដូច្នេះបាន ប៉ុន្តែអាជ្ញាធរសុខាភិបាលបាននិយាយថា ខ្លួននឹងមិនអញ្ជើញអ្នកស្រុក ឱ្យធ្វើការណាត់ជួបចាប់ពីថ្ងៃទី 15 ខែឧសភាតទៅទៀតទេ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top