ព័ត៌មានអន្តរជាតិ

សារព័ត៌មានរុស្ស៊ី៖ យន្តហោះចម្បាំងអ៊ុយក្រែន បាញ់មីស៊ីល ទៅលើតំបន់របស់រុស្ស៊ី

បរទេស៖ អភិបាលខេត្ត គឺលោក Aleksandr Bogomaz បាននិយាយថា តំបន់ Bryansk របស់រុស្ស៊ី បានបន្តរងនូវការវាយប្រហារមួយទៀតពីយោធាអ៊ុយក្រែន។

យោងតាមសារព័ត៌មាន RT របស់រុស្ស៊ី ចេញផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Bogomaz បានសរសេរនៅលើ Telegram នៅព្រឹកថ្ងៃសៅរ៍ថា ប្រព័ន្ធការពារដែនអាកាសរុស្ស៊ី បានរកឃើញការប៉ុនប៉ង របស់យន្តហោះយោធាអ៊ុយក្រែន ដើម្បីបំពានដែនអាកាសរបស់ប្រទេស។

លោកបាននិយាយថា យន្តហោះនេះត្រូវបានរារាំងមិនឱ្យចូលទៅក្នុងប្រទេសរុស្ស៊ី ប៉ុន្តែយន្តហោះបានបាញ់កាំជ្រួច ចំនួនពីរគ្រាប់ ទៅលើភូមិ Zhecha ដែលមិនឆ្ងាយពីព្រំដែនជាមួយអ៊ុយក្រែន។

ផ្ទាំងពាណិជ្ជកម្ម

គ្មានអ្នកអ្នកស្លាប់ និងរបួស នោះទេក្នុងអំឡុងពេលការវាយប្រហារ ប៉ុន្តែគ្រឿងបរិក្ខារនៃស្ថានីយផ្ទុកប្រេង ក្នុងតំបន់បានរងការខូចខាតបន្តិចបន្តួច។

អភិបាលរូបនេះ បានភ្ជាប់រូបភាពនៃរណ្ដៅគ្រាប់ធំមួយ និងអគារដែលរងការខូចខាត។ តំបន់ Bryansk បានក្លាយជាកន្លែងកើតហេតុនៃការវាយប្រហារ ដ៏ធំដំបូងគេរបស់អ៊ុយក្រែនលើដីរុស្ស៊ី ក្នុងអំឡុងពេលជម្លោះដែលកំពុងបន្ត។ យោងតាមគណៈកម្មាធិការស៊ើបអង្កេត គឺថា មានឧទ្ធម្ភាគចក្រអ៊ុយក្រែន២គ្រឿងបានវាយប្រហារភូមិ Klimovo កាលពីថ្ងៃទី ១៤ ខែមេសា ដោយបានធ្វើឱ្យមនុស្សចំនួន ៦ នាក់រងរបួស ក្នុងនោះមានក្មេងប្រុសអាយុ ២ ឆ្នាំម្នាក់ និងម្តាយពួកគេ ដែលកំពុងមានផ្ទៃពោះផងដែរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top