ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ប្តេជ្ញាបន្តផ្លូវការទូត រហូតដល់ឈានដល់ កិច្ចព្រមព្រៀង ក្នុងកិច្ចចរចា ក្រុងវីយែន

តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ នឹងបន្តផ្លូវនៃការទូតរហូតដល់ ការសម្រេចបាននូវ កិច្ចព្រមព្រៀងចុងក្រោយ នៅក្នុងកិច្ចចរចានុយក្លេអ៊ែរ នៅទីក្រុងវីយែន។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។

លោក Hossein Amir-Abdollahian បានធ្វើការកត់សម្គាល់ នៅក្នុងការសន្ទនាតាមទូរស័ព្ទ ជាមួយសមភាគីអៀរឡង់ Simon Coveney រាយការណ៍ពីក្រសួងការបរទេសអ៊ីរ៉ង់ នៅលើគេហទំព័ររបស់ខ្លួន។

មន្ត្រីការទូតកំពូលអ៊ីរ៉ង់រូបនេះ ត្រូវបានគេដកស្រង់សម្តីថា ក្រៅពីការអភិវឌ្ឍន៍ និងស្នើគំនិតផ្តួចផ្តើមនយោបាយ អ៊ីរ៉ង់បានបង្ហាញថា ខ្លួនមានឆន្ទៈចាំបាច់ ដើម្បីឈានទៅដល់កិច្ចព្រមព្រៀង “ល្អ” “រឹងមាំ” និង “យូរអង្វែង” នៅក្នុងកិច្ចពិភាក្សានៅទីក្រុងវីយែន។

លោកបានកត់សម្គាល់ថា “ឥឡូវនេះវា គឺជាភាគីអាមេរិក ដែលត្រូវតែដោយប្រកាន់យកនូវវិធីសាស្រ្តជាក់ស្តែង កែប្រែអាកប្បកិរិយាខុសច្បាប់របស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ និងចាត់វិធានការក្នុងទិសដៅនៃ ការអភិវឌ្ឍន៍ គំនិតផ្តួចផ្តើមនយោបាយ” ។

លោក Coveney បានពិពណ៌នាគំនិតផ្តួចផ្តើម របស់អ៊ីរ៉ង់ នៅក្នុងកិច្ចចរចានៅទីក្រុងវីយែនថា គួរឱ្យសរសើរ ដោយបង្ហាញពីភាពចាំបាច់ នៃការឈានដល់កិច្ចព្រមព្រៀង “ល្អ” តាមរយៈដំណើរការការទូត ដែលនឹងមានសមត្ថភាព ការពារផលប្រយោជន៍ របស់ទីក្រុងតេអេរ៉ង់ ក៏ដូចជាភាគីផ្សេងទៀត៕

ប្រែសម្រួល ឈូក បូរ៉ា

To Top