ព័ត៌មានអន្តរជាតិ

រុស្ស៊ី ដាក់នាយករដ្ឋមន្រ្តីជប៉ុន ចូលទៅក្នុងបញ្ជីខ្មៅ ហាមមិនឱ្យចូលទឹកដីរុស្ស៊ី

បរទេស៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ត្រូវបានបញ្ចូលក្នុងបញ្ជីអ្នកត្រូវដាក់ទណ្ឌកម្ម ដែលចេញដោយក្រសួងការបរទេសរុស្ស៊ី កាលពីថ្ងៃពុធ។ វិធានការនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹង “យុទ្ធនាការប្រឆាំងរុស្ស៊ីដែលមិនធ្លាប់មានពីមុនមក” ដែលដឹកនាំដោយរដ្ឋបាលរបស់លោក Kishida។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋាភិបាលទីក្រុងមូស្គូបានចុះក្នុងបញ្ជីខ្មៅ នូវមន្ត្រី និងឥស្សរជនសាធារណៈចំនួន ៦៣ នាក់ របស់ប្រទេសជប៉ុន ដោយមានទាំងរដ្ឋមន្ត្រីការបរទេសជប៉ុន រដ្ឋមន្ត្រីការពារជាតិ, រដ្ឋមន្ត្រីយុត្តិធម៌ និងហិរញ្ញវត្ថុ ផងដែរ។ ពួកគេទាំងអស់ត្រូវបានហាមឃាត់ មិនឱ្យចូលប្រទេសរុស្ស៊ី។

ក្រសួងការបរទេសរុស្ស៊ីបាន ស្តីបន្ទោសទីក្រុងតូក្យូចំពោះ “វោហាសាស្ត្រដែលមិនអាចទទួលយកបាន ចំពោះសហព័ន្ធរុស្ស៊ី រួមទាំងការបរិហារកេរ្តិ៍ និងការគំរាមកំហែងដោយផ្ទាល់” ដែលត្រូវបាន “ធ្វើម្តងទៀតដោយបុគ្គលសាធារណៈ អ្នកជំនាញ និងតំណាងប្រព័ន្ធផ្សព្វផ្សាយជប៉ុន និងជាប្រធានបទទាំងស្រុងចំពោះ ការលំអៀងរបស់លោកខាងលិច” ចំពោះប្រទេសនេះ៕

ប្រែសម្រួលៈ ណៃ តុលា

To Top