បរទេស៖ អាជ្ញាធរក្នុងតំបន់ បានរាយការណ៍កាលពីថ្ងៃពុធថា ធុងស្តុកប្រេងចំនួន ៤ ត្រូវបានឆាបឆេះ បន្ទាប់ពីកងកម្លាំងអ៊ុយក្រែន ដែលត្រូវបានគេចោទប្រកាន់ថា បានបាញ់ផ្លោងដាក់ទីក្រុង Makeyevka ក្នុងសាធារណរដ្ឋ Donetsk ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងដោយយោងតាម កងកម្លាំងការពារទឹកដី នៃសាធារណរដ្ឋប្រជាមានិត Donetsk (DPR) ថា មានមនុស្សម្នាក់បានស្លាប់ នៅក្នុងការវាយប្រហារ និងពីរនាក់ទៀតរងរបួស។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ ដែលបានបង្ហោះនៅលើ Telegram កាលពីថ្ងៃពុធ អាជ្ញាធរក្នុងតំបន់ បានពណ៌នាព័ត៌មាន នេះថាជា “បឋម”។
សារព័ត៌មាន Tass របស់រុស្ស៊ី ដែលដកស្រង់សម្តី ពីក្រុមប្រឹក្សាក្រុង Makeyevka បានរាយការណ៍ថា មនុស្ស១០នាក់បានរងរបួសក្នុងឧបទ្ទវហេតុនេះ។
កម្លាំងការពារដែនដី ក៏បានបង្ហាញដែរថា ធុងនីមួយៗអាចផ្ទុកប្រេងបានដល់ទៅ ៥ ០០០ ម៉ែត្រគូប។ ខ្សែអាត់វីដេអូ និងរូបថតដែលបញ្ចេញដោយអាជ្ញាធរ គឺបានបង្ហាញអំពីផ្សែងខ្មៅយ៉ាងក្រាស់ ដែលហុយចេញពីឃ្លាំងប្រេង ដែលកំពុងឆេះ។ កងកម្លាំងការពារបានណែនាំ អ្នកស្រុក Donetsk និង Makeevka ឱ្យបិទបង្អួចរបស់ពួកគេ ហើយស្នាក់នៅក្នុងផ្ទះ៕
ប្រែសម្រួលៈ ណៃ តុលា
