ព័ត៌មានអន្តរជាតិ

សមាជិកសភាអ៊ីរ៉ង់ បញ្ជាក់សារជាថ្មី អំពីសារៈសំខាន់ នៃការធានា របស់អាមេរិក ក្នុងកិច្ចចរចានុយក្លេអ៊ែរ

តេអេរ៉ង់ ៖ សមាជិកសភាអ៊ីរ៉ង់ម្នាក់ បានរំលឹកឡើងវិញ កាលពីថ្ងៃពុធ អំពីសារៈសំខាន់ នៃការស្វែងរកការធានា ដែលអាចទុកចិត្តបានពីសហរដ្ឋអាមេរិក នៅក្នុងកិច្ចពិភាក្សា ដើម្បីសង្គ្រោះកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) ។

លោក Zohreh Elahian សមាជិកនៃគណៈកម្មាធិការសន្តិសុខជាតិ និងគោលនយោបាយការបរទេស របស់សភាអ៊ីរ៉ង់ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Mehr ពាក់កណ្តាល ផ្លូវការថា អ៊ីរ៉ង់ ត្រូវតែទទួលបាន “ការធានា ដែលអាចទុកចិត្តបាន” ពីសហរដ្ឋអាមេរិក ដើម្បីការពារក្រុងវ៉ាស៊ីនតោន ពីការលុបចោល កិច្ចព្រមព្រៀងម្តងទៀត និងដាក់ទណ្ឌកម្មឡើងវិញ លើទីក្រុងតេអេរ៉ង់។

លោក Elahian បានលើកឡើងថា “បច្ចុប្បន្ននេះមិនមានការធានា ដែលអាចទុកចិត្តបាននោះទេ” ដោយបន្ថែមថា ការធានាគួរតែធានា “ប្រសិនបើភាគី ម្ខាងទៀត ដាក់ទណ្ឌកម្មឡើងវិញ ឬដាក់ទណ្ឌកម្មថ្មី លើប្រទេសរបស់យើង ហើយទណ្ឌកម្មលើអ៊ីរ៉ង់កាន់តែខ្លាំងក្លា យើងក៏នឹងផ្អាកការប្តេជ្ញាចិត្ត របស់យើង ហើយចាប់ផ្តើម ។ ពង្រឹង និងចាត់វិធានការផ្សេងទៀត ដើម្បីធ្វើឲ្យឧស្សាហកម្មនុយក្លេអ៊ែររស់ឡើងវិញ»។

ក្នុងឆ្នាំ២០១៥ អ៊ីរ៉ង់បានចុះហត្ថលេខាលើ JCPOA ជាមួយមហាអំណាចពិភពលោក រួមទាំងសហរដ្ឋអាមេរិកផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដកទីក្រុងវ៉ាស៊ីនតោន ចេញពីកិច្ចព្រមព្រៀង កាលពីខែឧសភា ឆ្នាំ២០១៨ ហើយបានដាក់ទណ្ឌកម្មឡើងវិញ លើប្រទេសអ៊ីរ៉ង់ រួមទាំងការបង្កកទ្រព្យសម្បត្តិមួយចំនួន របស់អ៊ីរ៉ង់នៅបរទេស ដែលជំរុញឱ្យភាគីចុងក្រោយ ទម្លាក់ចោលការសន្យានុយក្លេអ៊ែរ មួយចំនួនរបស់ខ្លួន។

ចាប់តាំងពីខែមេសា ឆ្នាំ២០២១ ការចរចាជាច្រើនត្រូវ បានធ្វើឡើងនៅក្នុងរដ្ឋធានីអូទ្រីស រវាងអ៊ីរ៉ង់ និងភាគី JCPOA ដែលនៅសេសសល់រួមមាន អង់គ្លេស ចិន បារាំង រុស្ស៊ី និងអាល្លឺម៉ង់ ដើម្បីស្តារកិច្ចព្រមព្រៀងឡើងវិញ ៕ប្រែសម្រួល ឈូក បូរ៉ា

To Top