ព័ត៌មានអន្តរជាតិ

ហុងគ្រី បញ្ជាក់ថា ខ្លួនមិនអាចគាំទ្រ ទណ្ឌកម្មថ្មីរបស់អឺរ៉ុប ប្រឆាំងនឹងរុស្ស៊ី ក្នុងទម្រង់បច្ចុប្បន្ននោះទេ

ប៊ូដាពែស ៖ រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មលោក Peter Szijjarto បានឲ្យដឹងថា រដ្ឋាភិបាល នៃប្រទេសហុងគ្រី មិនអាចគាំទ្រ ដោយការទទួលខុសត្រូវ ចំពោះកញ្ចប់ទណ្ឌកម្មថ្មី របស់គណៈកម្មការអឺរ៉ុប ប្រឆាំងនឹងរុស្ស៊ីក្នុងទម្រង់បច្ចុប្បន្ន របស់ខ្លួននោះទេ ព្រោះវានឹង “បំផ្លាញ” សន្តិសុខនៃការផ្គត់ផ្គង់ ថាមពលរបស់ប្រទេសនេះ ។

ប្រធានគណៈកម្មាការលោកស្រី Ursula von der Leyen បាននិយាយ កាលពីថ្ងៃពុធថា សហភាពអឺរ៉ុប នឹងលុបចោលការនាំចូលប្រេងឆៅ ពីរុស្ស៊ីក្នុងរយៈពេល ៦ខែ និងផលិតផលចម្រាញ់នៅចុងឆ្នាំនេះ ដោយប្រកាសពីកញ្ចប់ទណ្ឌកម្ម ទីប្រាំមួយប្រឆាំងនឹងរុស្ស៊ី។

លោក Szijjarto បានឲ្យដឹង នៅក្នុងសារវីដេអូមួយ ដែលបានបង្ហោះនៅលើទំព័រ Facebook របស់លោកថា ការរឹតបន្តឹងថ្មីនឹង ពាក់ព័ន្ធនឹងការហាមឃាត់ លើការដឹកជញ្ជូន ប្រេងឆៅ ពីប្រទេសរុស្ស៊ីទៅកាន់អឺរ៉ុប ជាមួយនឹងការជូនដំណឹងខ្លីមួយ ដែលនៅក្នុងករណីរបស់ប្រទេសហុងគ្រី នឹងអនុវត្តចាប់ពីចុងឆ្នាំក្រោយ ។

លោកបានបន្ដថា ការផ្គត់ផ្គង់ថាមពលរបស់ប្រទេសហុងគ្រី បច្ចុប្បន្នមានសុវត្ថិភាព និងស្ថិរភាព ប៉ុន្តែកញ្ចប់ទណ្ឌកម្មនេះនឹង “បំផ្លាញ” ទាំងស្រុង ដែលធ្វើឱ្យប្រទេសនេះមិនអាចទទួលបាន បរិមាណប្រេងដែលត្រូវការ ដើម្បីរក្សាសេដ្ឋកិច្ចឱ្យដំណើរការ។

លោក Szijjarto បានបន្ថែមថា “នេះមិនមែនជាសំណួរនៃការខ្វះឆន្ទៈនយោបាយ មិនមែនជាបញ្ហានៃចេតនា មិនមែនជាសំណួរនៃពេលវេលានោះទេ ប៉ុន្តែគ្រាន់តែជាការពិតជាក់ស្តែងខាងរូបវន្ត ភូមិសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធ”៕
ប្រែសម្រួល ឈូក បូរ៉ា

To Top