ព័ត៌មានអន្តរជាតិ

Update៖ យោធារុស្ស៊ី ថា ជនស៊ីវិលចំនួន៥០នាក់ ត្រូវបានជម្លៀសខ្លួន ចេញពីរោងចក្រ Azovstal

ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ថា យោធារុស្ស៊ីបាននិយាយថា ជនស៊ីវិលចំនួន៥០នាក់ផ្សេងទៀត រួមទាំងកុមារ១១នាក់ ត្រូវបានជម្លៀស ចេញពីរោងចក្រ Azovstal ដែលត្រូវបានរារាំង ក្នុងទីក្រុងកំពង់ផែ Mariupol របស់ប្រទេសអ៊ុយក្រែន កាលពីថ្ងៃសុក្រ ។
ការិយាល័យកណ្តាលសម្របសម្រួលរួម នៃការឆ្លើយ តបមនុស្សធម៌នៃសហព័ន្ធរុស្ស៊ីបានឲ្យដឹងថា អ្នកជម្លៀសទាំងអស់ ត្រូវបានប្រគល់ទៅឱ្យតំណាង អង្គការសហប្រជាជាតិ (UN) និងគណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហម ដើម្បីផ្ទេរទៅកន្លែងស្នាក់នៅបណ្តោះអាសន្ន ។

ការិយាល័យខាងលើបានឲ្យដឹងទៀតថា ប្រតិបត្តិការមនុស្សធម៌ នៅរោងចក្រ Azovstal នឹងបន្តនៅថ្ងៃសៅរ៍នេះ ។

ទីស្នាក់ការកណ្តាល បានប្រកាសកាលពីថ្ងៃពុធថា យោធារុស្ស៊ី នឹងបើកច្រករបៀង មនុស្សធម៌ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសៅរ៍សម្រាប់ការជម្លៀស ជនស៊ីវិលចេញពីរោងចក្រ Azovstal ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top