ព័ត៌មានអន្តរជាតិ

អុញនោះ! Facebook ត្រូវបានចោទប្រកាន់បិទផេករដ្ឋាភិបាល និងផេកថែទាំសុខភាព ដោយចេតនា ក្នុងប្រទេសអូស្ត្រាលី

បរទេស៖ Facebook ត្រូវបានរងការចោទប្រកាន់ថាបានបិទផេករដ្ឋាភិបាល ផេកថែទាំសុខភាព និងផេកសម្រាប់ផ្ដល់សេវា សង្គ្រោះបន្ទាន់ដោយចេតនា ដើម្បីរារាំងច្បាប់ដ៏មានសក្ដានុពល ដែលតម្រូវឱ្យកម្មវិធីទំនាក់ទំនងសង្គម បង់ប្រាក់សម្រាប់ព័ត៌មាន ដែលត្រូវបានយកមកផ្សព្វផ្សាយបន្ត នេះបើយោងតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន The Wall Street Journal។ នេះបើយោងតាម នាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យា។

ក្រុមអ្នកចោទប្រកាន់និយាយថា ដើម្បីឆ្លើយតបជាមួយនឹងច្បាប់ថ្មីនេះ ក្រុមហ៊ុនបានបង្កើតកម្មវិធីដើម្បីស្វែងរក និងលុបចោលទំព័រសារព័ត៌មានណាដែលមានប្រជាប្រិយភាពខ្លាំង ដែលអាចធ្វើឱ្យក្រុមហ៊ុនបង់ប្រាក់ច្រើន ប៉ុន្តែ Facebook ត្រូវបានគេរាយការណ៍ថា មិនត្រឹមតែលុបផេក សម្រាប់ប្រព័ន្ធផ្សព្វផ្សាយប៉ុណ្ណោះទេ ថែមទាំងបានលុបផេកសម្រាប់មន្ទីរពេទ្យ រដ្ឋាភិបាល និងអង្គការសប្បុរសធម៌ផងដែរ។

ការប្រើប្រាស់កម្មវិធីនេះគឺមានការប៉ះពាល់ខ្លាំងដល់ការរស់នៅរបស់ប្រជាពលរដ្ឋដោយសារតែ ពេលនោះប្រទេសអូស្ត្រាលីទើបតែនឹងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងដ៏ធំដើម្បីការពារជំងឺកូវីដ-១៩ និងដោយសារការរីករាលដាលនូវព័ត៌មានមិនពិតទាក់ទងទៅនឹងការចាក់វ៉ាក់សាំងទៀតផង។

មន្ត្រីសុខាភិបាលអូស្ត្រាលី មួយចំនួន បានធ្វើការរិះគន់ថា “វាពិតជាគួរឱ្យអស់សំណើចណាស់ដែល Facebook បានអនុញ្ញាតឱ្យព័ត៌មានមិនពិត អំពីសុខភាព ត្រូវបានផ្សព្វផ្សាយ តាមរយៈវេទិការរបស់ខ្លួន ហើយសូម្បីតែ មកដល់បច្ចុប្បន្ននេះ ព័ត៌មានមិនពិតភាគច្រើននៅតែមាននៅលើ Facebook ខណៈពេលដែលប្រភពព័ត៌មានផ្លូវការត្រូវបានរារាំង” នេះបើតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត Omar Khorshid កាលពីឆ្នាំកន្លងទៅ៕

To Top