ព័ត៌មានអន្តរជាតិ

ក្រុងមូស្គូ៖ ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចអះអាងថា រុស្ស៊ីនឹងប្រកាសសង្គ្រាម ទ្រង់ទ្រាយធំលើអ៊ុយក្រែន ជារឿងមិនពិត

បរទេស៖ ប្រធានសភារុស្ស៊ីបានទទូចថា របាយការណ៍ដែលប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន គ្រោងនឹងប្រកាសសង្រ្គាមជាផ្លូវការលើអ៊ុយក្រែន និងចាប់ផ្តើមការចល័តកងកម្លាំងពេញលេញនៅព្រឹកថ្ងៃចន្ទនេះ គឺមិនមែនជាការពិតនោះទេ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា កាលពីដើមសប្តាហ៍នេះ មន្ត្រីអាមេរិក និងមន្រ្តីលោកខាងលិច ដែលមិនបញ្ចេញឈ្មោះបានប្រាប់ CNN ថា លោក ពូទីន នឹងប្រើប្រាស់ “សារៈសំខាន់ជានិមិត្តរូប និងតម្លៃនៃការឃោសនា” នៃទិវាជ័យជំនះ – នៅពេលដែលការបរាជ័យរបស់ពួកណាស៊ីអាល្លឺម៉ង់ ត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំនៅថ្ងៃទី 9 ខែឧសភា – ដើម្បីធ្វើការប្រកាសសង្គ្រាម។

លោក Vyacheslav Volodin ប្រធានរដ្ឋ Duma បានប្រាប់ស្ថានីយ៍វិទ្យុ Komsomolskaya Pravda នៅពេលសួរអំពីលទ្ធភាពនៃការចល័តកងទ័ពនៅថ្ងៃសុក្រថា “ទេ ទេ ទេ ខ្ញុំនឹងប្រាប់អ្នកអំពីរឿងនេះតាមប្រព័ន្ធរលកធាតុអាកាស និងក្រៅរលកធាតុអាកាស” ។

ចំណែកអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ធ្លាប់បានថ្កោលទោសរបាយការណ៍នេះថាជា “ការកុហក និងមិនសមហេតុសមផល” ដោយនិយាយថា ការផ្តល់យោបល់បែបនេះគួរតែត្រូវបានគេមិនអើពើ។ លោកបានទទូចថាលទ្ធភាពនៃការចល័តកងទ័ពដែលត្រូវបានប្រកាស នៅក្នុងប្រទេសរុស្ស៊ីគឺ “មិនមានទេ” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top