ព័ត៌មានអន្តរជាតិ

កោះតៃវ៉ាន់អះអាងថា យន្តហោះយោធាចិន ១៨គ្រឿង មានទាំងយន្តហោះ ដែលមានសមត្ថភាពនុយក្លេអ៊ែរ ចំនួន២គ្រឿង ចូលដែនអាកាសខ្លួន

បរទេស៖ កោះតៃវ៉ាន់ បានចោទប្រកាន់ យោធាចិន ពីការលុកលុយ តាមអាកាសដ៏ធំមួយ ចូលក្នុងតំបន់ការពារដែនអាកាស របស់កោះនេះ។ ក្រសួងការពារជាតិ របស់កោះតៃវ៉ាន់ បាននិយាយថា កងនាវានៃយន្តហោះ កងទ័ពរំដោះ ប្រជាជន (PLA) ចំនួន ១៨ គ្រឿង រួមទាំងយន្តហោះ H-6 ដែលមានសមត្ថភាពនុយក្លេអ៊ែរ ចំនួន២គ្រឿង បានចូលក្នុងតំបន់កាលពីថ្ងៃសុក្រ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា យន្តហោះទម្លាក់គ្រាប់បែកដែលមានសមត្ថភាពនុយក្លេអ៊ែរ ត្រូវបានអមដោយយន្តហោះប្រឆាំងនាវាមុជទឹក Y-8 មួយគ្រឿង , យន្តហោះព្រមាន និងយន្តហោះឈ្លបយកការណ៍ KJ-500 ព្រមទាំងយន្តហោះចម្បាំង J-11 និង J-16 ចំនួន ១២ គ្រឿង។

ការលុកលុយនេះ បានជំរុញឱ្យយន្តហោះចម្បាំង របស់តៃវ៉ាន់ ហោះប្រដេញ និងការធ្វើឱ្យសកម្មភាព នៃប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ “ដើម្បីតាមដានសកម្មភាព” នៃកងនាវាអាកាសចិន។ ទោះជាយ៉ាងណាក៏ដោយ យន្តហោះនេះមិនបានចូល ទៅក្នុងលំហអាកាស ដែលកោះតៃវ៉ាន់អះអាងថា ជារបស់ខ្លួននោះទេ។ រហូតមកដល់ពេលនេះ យោធាចិននៅស្ងៀមស្ងាត់ នៅក្នុងជម្លោះជាមួយយោធារបស់កោះនេះ៕

ប្រែសម្រួលៈ ណៃ តុលា

To Top