ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីថ្មី របស់កូរ៉េខាងត្បូង នឹងស្បថចូលកាន់តំណែង នៅដើមសប្តាហ៍ក្រោយ និងហាក់បីដូចជាតឹងតែង ជាមួយក្រុងព្យុងយ៉ាង

សេអ៊ូល ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ថា ប្រធានាធិបតីថ្មី របស់កូរ៉េខាងត្បូង នឹងស្បថចូលកាន់តំណែង នៅថ្ងៃអង្គារ ហើយគាត់មើលទៅហាក់ ដូចជាមានភាពតឹងតែង ជាមួយទីក្រុងព្យុងយ៉ាង ដោយខុសពីអ្វី ដែលគាត់បានហៅថា ជាវិធីសាស្រ្ត “អនុគ្រោះ” របស់អ្នកកាន់តំណែងមុនរបស់គាត់ ។

ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ទីក្រុងសេអ៊ូលបានបន្តគោល នយោបាយចូលរួមជា មួយកូរ៉េខាងជើង ដោយមានជំនួបកំពូលរវាងលោក គីម ជុងអ៊ុន និងប្រធានាធិបតី សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ខណៈដែលការកាត់បន្ថយ សមយុទ្ធយោធារួមគ្នា របស់ទីក្រុងព្យុងយ៉ាងមើលឃើញថា ជាការបង្កហេតុ ។

ប៉ុន្តែការពិភាក្សាបានបរាជ័យ នៅឆ្នាំ២០១៩ ហើយ បានធ្លាក់ចុះចាប់តាំងពីពេលនោះមក ខណៈដែលកូរ៉េខាងជើង មានអាវុធនុយក្លេអ៊ែរ បានបង្កើន ការសាកល្បងអាវុធ យ៉ាងខ្លាំង ដោយបានធ្វើឡើងចំនួន ១៤លើកគិតមកទល់ពេលនេះ រួមទាំងការបាញ់បង្ហោះ មីស៊ីលផ្លោងអន្តរទ្វីបដ៏ធំបំផុត មិនធ្លាប់មានផងដែរ ។

លោក Cheong Seong-chang បម្រើការនៅមជ្ឈមណ្ឌលសម្រាប់ការសិក្សាកូរ៉េខាងជើងនៅវិទ្យាស្ថាន Sejong បានលើកឡើងថា ខុសពីប្រធានាធិបតី ម៉ូន ជេអ៊ីន ដែលមើលឃើញប្រទេសកូរ៉េខាងជើងជាដៃគូចរចា មេដឹកនាំដែលចូលមក គឺលោក Yoon Suk-yeol មើលឃើញប្រទេសនោះជាសត្រូវ ។

លោក Cheong បានឲ្យដឹងទៀតថា លោក Yoon បានសន្យា កំណត់ជាផ្លូវការថា ទីក្រុងព្យុងយ៉ាង ជា “សត្រូវសំខាន់របស់កូរ៉េខាងត្បូង” ហើយលោក Cheong មិនបានច្រានចោលនូវ ការវាយប្រហារជាមុនលើ កូរ៉េខាងជើងនោះទេ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top