ព័ត៌មានអន្តរជាតិ

Breaking News៖ នាយករដ្ឋមន្ត្រីស្រីលង្កា លាលែងពីតំណែង ចំពេលមានការតវ៉ាជុំវិញ វិបត្តិសេដ្ឋកិច្ច

កូឡុំបូ៖ នាយករដ្ឋមន្ត្រីស្រីលង្កា Mahinda Rajapaksa បានលាលែងពីតំណែងកាលពីថ្ងៃចន្ទ បន្ទាប់ពីមានការតវ៉ាជាច្រើនសប្តាហ៍ប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CNN។

ប្រទេសនេះត្រូវបានរង្គោះរង្គើដោយភាពចលាចលស៊ីវិលចាប់តាំងពីខែមីនា ជាមួយនឹងបាតុកម្មជាច្រើនដងបានប្រែជាហិង្សា នៅពេលដែលកំហឹងបានបង្កើតឡើងជុំវិញការប្រព្រឹត្តខុសជាក់ស្តែងរបស់រដ្ឋាភិបាលចំពោះវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ប្រទេសស្រីលង្កាចាប់តាំងពីការប្រកាសឯករាជ្យពីចក្រភពអង់គ្លេសក្នុងឆ្នាំ១៩៤៨។

ប្រភពពីមន្រ្តីប៉ូលិសបានឲ្យដឹងថា បម្រាមគោចរទូទាំងប្រទេសត្រូវបានដាក់ចេញ បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងអ្នកគាំទ្រគណបក្សកាន់អំណាច និងក្រុមបាតុករប្រឆាំងរដ្ឋាភិបាលក្នុងទីក្រុងកូឡុំបូ។ ការរឹតបន្តឹងនេះត្រូវបានប្រកាសភ្លាមៗមុនពេល Rajapaksa ប្រកាសលាលែងពីតំណែង។

មន្ទីរពេទ្យជាតិកូឡុំបូបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៨០នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីមានអំពើហិង្សានៅឯការតវ៉ា។ យោងតាមក្រុម CNN បានឱ្យដឹងថា កងទ័ពប្រដាប់អាវុធត្រូវបានដាក់ពង្រាយនៅទីក្រុងកូឡុំបូ៕ប្រែសម្រួល ឈូក បូរ៉ា

To Top