ព័ត៌មានអន្តរជាតិ

លោក ពូទីនថា ប្រតិបត្តិការយោធារបស់រុស្ស៊ី ក្នុងប្រទេសអ៊ុយក្រែន គឺជាវិធានការបង្ការទុកជាមុនប្រឆាំងនឹង ការឈ្លានពានមកលើរុស្ស៊ី នាពេលអនាគត

បរទេស៖ លោកប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន បានបញ្ជាក់ក្នុងអំឡុងសុន្ទរកថា របស់លោកនៅឯក្បួនដង្ហែរ ក្នុងទិវាជ័យជំនះនៅទីលាន ក្រហមក្នុងទីក្រុងមូស្គូកាលពីថ្ងៃចន្ទថា ប្រតិបត្តិការយោធារបស់រុស្ស៊ី ក្នុងប្រទេសអ៊ុយក្រែនគឺជាវិធានការបង្ការ ទុកជាមុនប្រឆាំងនឹងការឈ្លានពាន មកលើរុស្ស៊ីនាពេលអនាគត។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា លោកពូទីនមិនត្រឹមតែសរសើរ សមិទ្ធិផលរបស់ប្រជាជនសូវៀត ក្នុងអំឡុងសង្គ្រាមលោកលើកទីពីរប៉ុណ្ណោះទេ ប៉ុន្តែលោកថែមទាំងបានលើកឡើង ពីហេតុផលរបស់វិមានក្រឹមឡាំង សម្រាប់ជម្លោះដែលកំពុងបន្តរវាងទីក្រុងមូស្គូ និងរដ្ឋាភិបាលទីក្រុងគៀវ ថែមទៀត។ លោកបានអះអាងថា រុស្ស៊ីត្រូវតែធ្វើសកម្មភាពព្រោះការ វាយលុកទ្រង់ទ្រាយធំប្រឆាំងនឹង របបសាធារណរដ្ឋដែលបំបែកខ្លួនក្នុងតំបន់ Donbass ភាគខាងកើត កំពុងត្រូវបានគ្រោងទុក។

លោក ពូទីន បានពន្យល់ទៀតថា “យើងបានឃើញហេដ្ឋារចនាសម្ព័ន្ធ យោធាកំពុងលាតត្រដាង [នៅអ៊ុយក្រែន]; ទីប្រឹក្សាបរទេសរាប់រយនាក់ ចាប់ផ្តើមការងាររបស់ពួកគេ; មានការចែកចាយអាវុធទំនើបបំផុត ពីប្រទេសណាតូជាទៀងទាត់។ គ្រោះថ្នាក់កើនឡើងជារៀងរាល់ថ្ងៃ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top