ព័ត៌មានអន្តរជាតិ

ប្រេសិតពិសេសចិន ព្រមានចំពោះការប៉ុនប៉ង់នានា ក្នុងការដាក់ទណ្ឌកម្មបន្ថែម ប្រឆាំងទៅនឹងកូរ៉េខាងជើង

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថាប្រេសិតពិសេសចិនម្នាក់ កាលពីថ្ងៃពុធម្សិលមិញនេះ បានចេញសេចក្តីព្រមាន ក្នុងការប្រឆាំងទៅនឹងការ ដាក់ទណ្ឌកម្មបន្ថែមទៀតទៅលើ ប្រទេសកូរ៉េខាងជើង។

លោក Zhang Jun អ្នកតំណាងអចិន្ត្រៃយ៍ប្រចាំ នៅអង្កការសហប្រជាជាតិបានថ្លែងថា៖ កិច្ចពិភាក្សានិងការប្រឹក្សាគ្នាគឺជា វិធីសាស្ត្រតែមួយគត់ដើម្បីកែប្រែ និងដោះស្រាយបញ្ហានៅឧបទ្វីបកូរ៉េ។ សហរដ្ឋអាមេរិកគឺជា ភាគីដោយផ្ទាល់ទៅនឹងបញ្ហា និងក៏ជាកូនសោរដ៏សំខាន់ សម្រាប់ភាពជាប់គាំងរវាងគ្នា ដូចនេះសកម្មភាពឆ្លើយតបត្រូវតែ ធ្វើឡើងដោយវិជ្ជមាន និងមានមូលហេតុបំផុតដើម្បីធ្វើឲ្យធូរស្រាល ចំពោះក្តីបារម្ភអំពីកូរ៉េខាងជើង និងបង្កើតលក្ខខណ្ឌដោយសមរម្យមួយ ចំពោះកិច្ចពិភាក្សាគ្នា។

លោកបន្តថា៖ ទោះបីជាភាគីអាមេរិកតែងតែអះអាងថា នឹងចូលរួមពាក់ព័ន្ធនឹងកិច្ចពិភាក្សា គ្រប់លក្ខខណ្ឌទាំងអស់ក្តី ប៉ុន្តែជាលទ្ធផលជាក់ស្តែងខ្លួន នៅតែបន្តធ្វើការដាក់ទណ្ឌកម្ម ប្រឆាំងកូរ៉េខាងជើង ដដែលហើយនេះមិនមែន អ្វីដែលយើងចង់បាននោះទេ។

លោកក៏បានបញ្ជាក់ដែរថា៖ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ក្រុមប្រឹក្សាសន្តិសុខបានអនុម័ត ដំណោះស្រាយជាច្រើនមកហើយ សម្រាប់បញ្ហានេះ ខណៈដែលការដាក់ទណ្ឌកម្ម ក៏បានសង្កត់ធ្ងន់ផងដែរអំពី តម្រូវការសម្រាប់ ដំណោះស្រាយសន្តិភាព នយោបាយ និងការទូតចំពោះបញ្ហានុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top