ព័ត៌មានអន្តរជាតិ

OPEC ទម្លាក់ការព្យាករ ពីតម្រូវការប្រេង និងសេដ្ឋកិច្ច ពិភពលោក

វីយែន ៖ អង្គការនៃប្រទេសនាំចេញប្រេង (OPEC) កាលពីថ្ងៃព្រហស្បតិ៍បានកែប្រែការ ព្យាករណ៍របស់ខ្លួន សម្រាប់កំណើនសេដ្ឋកិច្ចពិភពលោក និងតម្រូវការប្រេងនៅឆ្នាំនេះ ដោយលើកឡើងពីការរឹតបន្តឹង ដែលបណ្ដាលមកពីជំងឺកូវីដ-១៩ និងភាពតានតឹង ភូមិសាស្ត្រនយោបាយ។

សម្ព័ន្ធប្រេងបានឲ្យដឹងនៅក្នុង របាយការណ៍ទីផ្សារ ប្រេងប្រចាំខែរបស់ខ្លួនថា សេដ្ឋកិច្ចពិភពលោកត្រូវបានគេរំពឹងថានឹងកើនឡើង ៣,៥ភាគរយក្នុងឆ្នាំ២០២២ បើធៀបនឹងការព្យាករណ៍ របស់ខ្លួនដែលមាន ៣,៩ភាគរយកាលពីមួយខែមុន។

អង្គការ OPEC បានឲ្យដឹងថា បញ្ហាប្រឈមគួរឱ្យកត់សម្គាល់ ដែលប្រឈមមុខនឹងសេដ្ឋកិច្ចពិភពលោករួមមាន “ភាពតានតឹងភូមិសាស្ត្រនយោបាយ ការបន្តកើតមាន នៃជំងឺរាតត្បាត ការកើនឡើងអតិផរណា បញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់កាន់តែធ្ងន់ធ្ងរ កម្រិតបំណុលអធិបតេយ្យ ភាពខ្ពស់នៅក្នុងតំបន់ជាច្រើន និងការរំពឹងទុកការរឹតបន្តឹង រូបិយវត្ថុដោយធនាគារកណ្តាល នៅសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ជប៉ុន និង តំបន់ចាយប្រាក់អឺរ៉ូ។

ផ្ទាំងពាណិជ្ជកម្ម

ក្រុមអ្នកផលិតប្រេង ក៏បានព្យាករណ៍ ពីតម្រូវការប្រេងពិភពលោកនៅឆ្នាំនេះថានឹងកើនឡើង ៣,៤ លានបារ៉ែល ក្នុងមួយថ្ងៃពីមួយឆ្នាំទៅមួយឆ្នាំ ធ្លាក់ចុះ ៣០ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ ពីការវាយតម្លៃកាលពីខែមុន ។

OPEC បានឲ្យដឹងនៅក្នុង របាយការណ៍របស់ខ្លួនថា តម្រូវការប្រេងនៅឆ្នាំ២០២២ នឹងត្រូវបាន “រងផលប៉ះពាល់ដោយការអភិវឌ្ឍន៍ភូមិសាស្ត្រនយោបាយ ដែលកំពុងបន្តនៅអឺរ៉ុបខាងកើត ក៏ដូចជាការរឹតបន្តឹងលើការរាតត្បាតនៃជំងឺកូវីដ-១៩”៕
ប្រែសម្រួល ឈូក បូរ៉ា

To Top